2026-02-14 11:42
10

ភ្នំពេញ៖ អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ បានប្រកាសប្រគល់ភារកិច្ចឱ្យមេបញ្ជាការកងទ័ពជើងគោក បង្កើតគណៈកម្មការជ្រើសរើសពលទាហានថ្មី ចំនួន ៣,០០០ នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យបណ្តាកងឯកភាពចំណុះកងទ័ពជើងគោក ដោយសហការជាមួយគណៈកម្មការជ្រើសរើសពលទាហានថ្មី របស់អគ្គបញ្ជាការដ្ឋាន។

តាមសេចក្តីណែនាំ ក្នុងដំណើរការជ្រើសរើស គណៈកម្មការត្រូវអនុវត្តការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ល្អិតល្អន់ និងត្រឹមត្រូវ ស្របតាមលក្ខខណ្ឌ លក្ខណសម្បត្តិ និងសំណុំលិខិតដែលបានកំណត់ ដើម្បីធានាបាននូវភាពសុក្រឹត្យ និងគុណភាពនៃធនធានមនុស្សចូលបម្រើកងទ័ព។

ចំពោះលក្ខខណ្ឌ និងលក្ខណសម្បត្តិជ្រើសរើស បេក្ខជនត្រូវមានសញ្ជាតិខ្មែរ (ភេទប្រុស) និងមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ សម្រាប់អ្នកមានកម្រិតវប្បធម៌ចាប់ពីមធ្យមសិក្សាបឋមភូមិ ដល់មធ្យមសិក្សាទុតិយភូមិ។ 

ចំពោះបេក្ខជនមានកម្រិតបរិញ្ញាបត្រឡើងទៅ ឬមានជំនាញឯកទេស អាចមានអាយុចាប់ពី ៣១ ឆ្នាំ ដល់ ៣៥ ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ។

លើសពីនេះ បេក្ខជនត្រូវមានកម្ពស់ចាប់ពី ១.៦០ ម៉ែត្រឡើងទៅ មានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អ សមស្របតាមតម្រូវការការងារយោធា។ ជាពិសេសផ្តល់អាទិភាពចំពោះយុវជនដែលមានឪពុក ម្តាយ ឬសាច់ញាតិជាអតីតយុទ្ធ និងពលីជាដើម។

ការជ្រើសរើសពលទាហានថ្មីលើកនេះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពប្រតិបត្តិការរបស់កងទ័ពជើងគោក និងការអភិវឌ្ឍកម្លាំងការពារជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ 

អាជ្ញាធរពាក់ព័ន្ធបានអំពាវនាវឱ្យយុវជនដែលមានលក្ខណៈសម្បត្តិត្រឹមត្រូវ ចូលរួមដាក់ពាក្យតាមនីតិវិធី និងកាលបរិច្ឆេទដែលនឹងប្រកាសជាផ្លូវការបន្ថែម៕