ភ្នំពេញ៖ កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេសកាណាដា ត្រូវបានប្រារព្ធឡើងដោយជោគជ័យ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងមកនេះ នៅរាជធានីភ្នំពេញ ដោយមាន លោក មាស គឹមហេង រដ្ឋលេខាធិការ និង លោក អាឡិន បូមែន អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអូសេអានី ជាសហប្រធាន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេសកម្ពុជា និងកាណាដា ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៤ ខែកម្ភៈនេះ បានឱ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការពិគ្រោះយោបល់ទ្វេភាគី ដែលជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានរម្លឹកលទ្ធផលវិជ្ជមាននៃកិច្ចពិគ្រោះយោបល់លើកទី១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងអូតាវ៉ា កាលពីខែកញ្ញា ឆ្នាំ២០២៤ និងបានកត់សម្គាល់វឌ្ឍនភាពសំខាន់ៗ ដែលសម្រេចបានចាប់តាំងពីពេលនោះមក។
ភាគីទាំងពីរបានបញ្ជាក់ការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការអប់រំ ទេសចរណ៍ ការពារជាតិ និងសន្តិសុខ ការដោះមីន សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ ព្រមទាំងការស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់កិច្ចសហការនាពេលអនាគត។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិ និងវេទិកាពហុភាគីផ្សេងៗ ដោយបញ្ជាក់ការគាំទ្រគ្នាទៅវិញទៅមកសមស្របក្នុងបេក្ខភាពនៅវេទិកាអន្តរជាតិ។
លោក អាឡិន បូមែន បានសម្តែងការគាំទ្ររបស់កាណាដាចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ខណៈភាគីកម្ពុជាបានថ្លែងអំណរគុណ និងបញ្ជាក់ការត្រៀមខ្លួនស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ពីកាណាដា។
លើសពីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួម រួមទាំងស្ថានភាពព្រំដែន កម្ពុជា-ថៃ និងបានបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការគោរពច្បាប់អន្តរជាតិ ដើម្បីរក្សាសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើមូលដ្ឋានច្បាប់។
កិច្ចពិគ្រោះយោបល់លើកទី២នេះ បានឆ្លុះបញ្ចាំងពីមិត្តភាពរឹងមាំ និងភាពជាដៃគូជិតស្និទ្ធរវាងកម្ពុជា និងកាណាដា ដែលបន្តរីកចម្រើនទៅមុខដោយទំនុកចិត្ត និងការយល់ចិត្តគ្នា៕






