2026-02-19 09:15
4

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានអះអាងថា កម្ពុជាកំពុងបន្តតស៊ូមតិយ៉ាងសកម្មលើវេទិកាអន្តរជាតិ ដើម្បីឱ្យសហគមន៍អន្តរជាតិទទួលស្គាល់កម្ពុជាជាប្រទេសរងគ្រោះ ខណៈបញ្ហាជម្លោះពាក់ព័ន្ធអធិបតេយ្យភាព និងបូរណភាពទឹកដីនៅតែបន្តមានការពិភាក្សា។

លោកបញ្ជាក់នៅលើទំព័រគណនីហ្វេសប៊ុលផ្លូវការ នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ នេះថា មកដល់ពេលនេះ មិនទាន់មានប្រទេសណាមួយចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថា «ថៃបានឈ្លានពានកម្ពុជា» នៅឡើយទេ។ ជាទូទៅ សហគមន៍អន្តរជាតិចាត់ទុកស្ថានការណ៍នេះថាជាជម្លោះព្រំដែន ឬការប៉ះទង្គិចប្រដាប់អាវុធប៉ុណ្ណោះ។

លោកបណ្ឌិត គិន ភា លើកឡើងថា មាគ៌ាឆ្ពោះទៅការទាមទារសិទ្ធិ និងការទទួលស្គាល់លើឆាកអន្តរជាតិ គឺនៅវែងឆ្ងាយ និងត្រូវការយុទ្ធសាស្ត្រយូរអង្វែង ព្រមទាំងការសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ។ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ កុំឈូឆរ ឬមោទនភាពជ្រុល ហើយត្រូវម្ចាស់ការលើអារម្មណ៍ និងមនោសញ្ចេតនា ដោយអនុវត្តន៍តាមលក្ខណការណ៍ប្រុងប្រយ័ត្នខ្ពស់។

ជំរុញការទូតព័ត៌មាន៖ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបន្តពង្រឹង និងធ្វើឱ្យសកម្មថែមទៀត នូវការទូតព័ត៌មានលើឆាកអន្តរជាតិ ដើម្បីបង្ហាញសច្ចភាព និងលើកកម្ពស់យុត្តិធម៌ និងសន្តិភាព។ 

ការផ្សព្វផ្សាយព័ត៌មានឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា ត្រូវបានចាត់ទុកថាជាចំណុចសំខាន់ក្នុងការបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិ។

កំពែងការពារអធិបតេយ្យទាំង៥៖ លោកបណ្ឌិត គិន ភា បានរៀបរាប់ពី “កំពែង” សំខាន់ៗ ៥ ដែលត្រូវអនុវត្តព្រមៗគ្នា និងមានលក្ខណៈបុរេសកម្ម ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី រួមមាន៖ ១- កំពែងយោធា ជាកម្លាំងការពារជាតិ, ២- កំពែងច្បាប់អន្តរជាតិ ជាខែលការពារផ្នែកច្បាប់, ៣- កំពែងការទូត ជាច្រកសម្រាប់ស្វែងរកដំណោះស្រាយ, ៤- កំពែងព័ត៌មាន ជាសំឡេងបញ្ជាក់សច្ចភាព និងទី៥- កំពែងមហាសាមគ្គី និងឯកភាពជាតិ ជាមូលដ្ឋាននៃកម្លាំងជាតិ។

លោកបានបញ្ជាក់ថា ការស្រុះដៃគ្នា និងឯកភាពជាតិ គឺជាកត្តាចម្បងក្នុងការការពារផលប្រយោជន៍ជាតិ និងធានាថាកម្ពុជាអាចឈានទៅរកដំណោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕