2026-02-26 15:55
17

ព្រមានមួយ គម្រាម១០០ មិននិយាយច្រើនទេ អតីតកងទ័ពអាកាសសហរដ្ឋអាមេរិកម្នាក់ និងជាអ្នកបើកយន្តហោះចម្បាំង ដែលគេស្គាល់ថាជា លោក Gerald Brown ត្រូវបានចាប់ខ្លួនភ្លាមៗកាលពីថ្ងៃពុធក្នុងរដ្ឋ Indiana ពីបទឧក្រិដ្ឋសមគំនិតដែលបានផ្តល់ការហ្វឹកហាត់សេវាការពារជាតិរបស់អាមេរិក ដល់អាកាសយានិកចិនដោយគ្មានការអនុញ្ញាត។ នេះបើតាមក្រសួងយុត្តិធម៌អាមេរិក។ 

តាម Al Jazeera ទ័ពអាកាសរូបនេះ ជាអតីតអ្នកបើកយន្តហោះ F-35 Lightning II ដែលមានបទពិសោធន៍ជាច្រើនទស្សវត្សរ៍មកហើយនៅក្នុងកងទ័ពអាកាស។ 

លោក Gerald មានបទពិសោធន៍បម្រើការនៅក្នុងទ័ពអាកាសសហរដ្ឋអាមេរិកអស់រយៈពេល 24 ឆ្នាំ និងធ្លាប់ដឹកនាំបេសកកម្មប្រយុទ្ធ រួមទាំងទទួលខុសត្រូវលើការបញ្ជាអង្គភាព ដែលពាក់ព័ន្ធនឹងប្រព័ន្ធចែកចាយអាវុធនុយក្លេអ៊ែរផងដែរ។ ក្រោយចាកចេញពីយោធាអាមេរិកក្នុងឆ្នាំ 1996 អតីតទ័ពអាកាសរូបនេះ បានបន្តដំណើរទៅកាន់ប្រទេសចិនក្នុងខែធ្នូ ឆ្នាំ 2023 ដើម្បីចាប់ផ្តើមការងារថ្មីរបស់គាត់ ក្នុងការជួយហ្វឹកហាត់ជំនាញយោធាការពារជាតិរបស់អាមេរិកទៅកាន់អ្នកបើកយន្តហោះជនជាតិចិន។

ក្រោយបែកធ្លាយ បុគ្គលិកយោធារូបនេះ ប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិខ្លួនឯង និងប្រឈមការដាក់ទោសយ៉ាងធ្ងន់ធ្ងរ រីឯជនជាតិចិននោះទៀតសោត ត្រូវប្រឈមការកាត់ទោសឱ្យជាប់គុក4ឆ្នាំពីបទសមគំនិត ក្នុងការលួចស្តាប់ពីយុទ្ធសាស្រ្តការពារជាតិរបស់អាមេរិកដើម្បីលួចអាថ៌កំបាំងយោធាផ្ដល់ឲ្យប្រទេសចិន។

តាមរដ្ឋាភិបាលអូស្ត្រាលី កាណាដា នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានចេញផ្សាយសេចក្តីជូនដំណឹងមួយនៅឆ្នាំ 2024 ដោយព្រមានសមាជិកបច្ចុប្បន្ន និងអតីតកងកម្លាំងប្រដាប់អាវុធរបស់ពួកគេថា ប្រទេសចិនកំពុងស្វែងរកការជ្រើសរើសអតីតកងទ័ពរបស់ពួកគេ រួមទាំងបុគ្គលិកយោធាណាតូផ្សេងទៀត ដើម្បីទាញយកជំនាញយោធាពីលោកខាងលិច ក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួនដើម្បីប្រជែងជាមួយមហាអំណាចធំៗ៕