2026-02-19 12:08
7

ថៃ៖ ក្រោយមីយ៉ាន់ម៉ា ផ្ទុះសង្គ្រាមជាញឹកញាប់ជាមួយកម្លាំងផ្ដាច់ខ្លួនតាមបណ្ដោយព្រំដែនមីយ៉ាន់ម៉ា-ថៃ ដែលមានការធ្លោយគ្រាប់ផ្លោងចូលបំផ្លាញផ្ទះសម្បែងប្រជាជនថៃញយដងនោះ មិនត្រឹមតែមិនសម្លុតគម្រាម ឬប្រើកម្លាំងតបតទៅមីយ៉ាន់ម៉ាវិញទេ តែទីក្រុងបាងកក បែរជាប្រឹងយកចិត្តប្រទេសរបបយោធាមួយនេះ ដោយសំអាងខ្លួនចង់ធ្វើស្ពានចម្លង ជម្រុញរបបមីយ៉ាន់ម៉ាចូលរួមក្នុងអាស៊ានវិញ។ 

តាមរដ្ឋមន្ត្រីការបរទេស លោក Sihasak Phuangketkeow បានថ្លែងនៅថ្ងៃទី១៨ កុម្ភៈថា ទីក្រុងបាងកកត្រៀមខ្លួនរួចជាស្រេចធ្វើជា «ស្ពានចម្លង» ដើម្បីជួយជំរុញទំនាក់ទំនងមីយ៉ាន់ម៉ាឡើងវិញ។ 

នេះមានន័យថា ថៃកំពុងស្វែងរកការនាំយករបបសឹកមីយ៉ាន់ម៉ាឲ្យត្រឡប់មកចូលរួមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វិញ បន្ទាប់ពីមានកិច្ចពិភាក្សាក្រៅផ្លូវការមួយជាមួយសមភាគីមីយ៉ាន់ម៉ា ដែលមានវត្តមាន លោក Than Swe និង លោក Sihasak ធ្វើឡើងនៅភូកេត។ នេះបើតាមការចេញផ្សាយដោយ Reuter។ 

រដ្ឋមន្រ្តីការបរទេសថៃខាងលើ បញ្ជាក់លើចំណុចនេះថា គោលនយោបាយរបស់ទីក្រុងបាងកកគឺដើម្បីស្តារការចូលរួមដោយផ្ទាល់របស់មីយ៉ាន់ម៉ា ឲ្យស្របតាមកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន ប៉ុន្តែចំពោះការចរចាសន្តិភាពត្រូវតែកើតចេញពីផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាខ្លួនឯងជាមុនសិន។

ងាកចេញពីបញ្ហាតំបន់ ថៃប្រឹងអោបក្រសោបរបបសឹកមីយ៉ាន់ម៉ា ដោយព្យាយាមផ្ដោតលើការពិភាក្សាពីការបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនប្រវែង ២៤០០គីឡូម៉ែត្រ ដើម្បីប្រឆាំងនឹងបទល្មើសឆ្លងដែន។ ដោយលោក Sihasak បន្ថែមថា សន្តិភាពប្រកបដោយនិរន្តរភាពនៅមីយ៉ាន់ម៉ា នឹងផ្តល់ផលប្រយោជន៍ដល់សន្តិសុខជាតិរបស់ថៃ ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីផងដែរ៕