2026-02-19 10:59
10

វ៉ាស៊ីនតោន៖ កងទ័ពសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថា បានត្រៀមខ្លួនសម្រាប់សកម្មភាពវាយប្រហារលើប្រទេសអ៊ឺរ៉ង់ នៅដើមសប្តាហ៍នេះ បើទោះបីជា ប្រធានាធិបតី Donald Trump មិនទាន់ធ្វើសេចក្តីសម្រេចចុងក្រោយអំពីការអនុញ្ញាតឲ្យអនុវត្តសកម្មភាពយោធាក៏ដោយ។ នេះបើយោងតាមប្រភពដែលស្គាល់បញ្ហានេះ បានប្រាប់ CNN។

ប្រភពបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បានទទួលព័ត៌មានសង្ខេបថា កម្លាំងយោធាអាមេរិកអាចត្រៀមខ្លួនសម្រាប់ការវាយប្រហារនៅចុងសប្តាហ៍ បន្ទាប់ពីមានការកើនឡើងគួរឱ្យកត់សម្គាល់នៃកម្លាំងអាកាស និងកងទ័ពជើងទឹកអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ 

ទោះជាយ៉ាងណា ប្រភពមួយបានព្រមានថា លោក Trump បានបង្ហាញមតិផ្ទុយគ្នាជាឯកជន ទាំងគាំទ្រ និងប្រឆាំងនឹងសកម្មភាពយោធា ខណៈលោកកំពុងពិគ្រោះយោបល់ជាមួយទីប្រឹក្សា និងសម្ព័ន្ធមិត្ត។

មន្ត្រីសន្តិសុខជាតិជាន់ខ្ពស់បានជួបប្រជុំគ្នានៅថ្ងៃពុធ ក្នុងបន្ទប់ស្ថានការណ៍នៃសេតវិមាន ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅអ៊ីរ៉ង់។ 

លោក Trump ក៏បានទទួលរបាយការណ៍ពីបេសកជនពិសេស លោក Steve Witkoff និងលោក Jared Kushner អំពីកិច្ចចរចាដោយប្រយោលជាមួយអ៊ីរ៉ង់ ដែលបានធ្វើឡើងមួយថ្ងៃមុន។ មិនទាន់មានការបញ្ជាក់ថាលោកនឹងធ្វើសេចក្តីសម្រេចនៅចុងសប្តាហ៍នេះឬយ៉ាងណាទេ។

ក្នុងពេលដំណាលគ្នា អ្នកចរចាអ៊ីរ៉ង់ និងអាមេរិកបានជួបពិភាក្សារយៈពេលប្រហែល ៣ ម៉ោងកន្លះ នៅទីក្រុង Geneva ប៉ុន្តែមិនទទួលបានដំណោះស្រាយច្បាស់លាស់។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា អ៊ីរ៉ង់ត្រូវបានរំពឹងថានឹងផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីជំហរចរចារបស់ខ្លួន “ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ” ទោះបីជាការទូតជាជម្រើសដំបូង ក៏សកម្មភាពយោធានៅតែស្ថិតលើតុដដែល។

ការប្រកាសមិនច្បាស់លាស់ពីសេតវិមាន បានបង្កើនការព្រួយបារម្ភអំពីលទ្ធភាពកើតមានជម្លោះយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើទោះបីជាមន្ត្រីមួយចំនួននៅតែបង្ហាញសញ្ញាសង្ឃឹមលើដំណោះស្រាយតាមផ្លូវការទូតក៏ដោយ។

ទន្ទឹមនឹងនេះ នាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford ត្រូវបានរាយការណ៍ថាអាចមកដល់តំបន់មជ្ឈិមបូព៌ានៅចុងសប្តាហ៍នេះ ខណៈកម្លាំងអាកាសអាមេរិកដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស  រួមទាំងយន្តហោះដឹកប្រេង និងយន្តហោះចម្បាំង ក៏ត្រូវបានដាក់ជិតតំបន់ៅមជ្ឈិមបូព៌ាផងដែរ៕