2026-03-06 14:53
23

ជារឿងធម្មតាទៅហើយដែលពិភពលោកសុទ្ធតែដឹងថា រុស្ស៊ី និងចិន ជាដៃគូការទូតដ៏មានឥទ្ធិពលបំផុតរបស់ទីក្រុងតេអេរ៉ង់។  ប៉ុន្តែអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នៅពេលនេះគឺថា អាមេរិក និងអ៊ីស្រាអែល កំពុងសង្ក្រប់វ៉ៃអ៊ីរ៉ង់គ្មានដកដៃ ហេតុអ្វីមិនឃើញលេចវត្តមានចិន និងរុស្ស៊ីមកជួយ? 

អាមេរិកសម្រុកវាយអ៊ីរ៉ង់មិនឲ្យដកដង្ហើមបាន តែគេនៅមិនទាន់ឃើញចិន និងរុស្ស៊ី ចេញមុខប្រកាស បញ្ជូនសព្វាវុធ ទ័ពយោធា មកជួយសម្ព័មិត្តជិតស្និទ្ធរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានត្រឹមតំឡើងសំឡេងចោទអាមេរិកថា  ជាការរំលោភបំពានច្បាប់អន្តរជាតិប៉ុណ្ណោះ។ 

រីឯរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi វិញបានត្រឹមជំរុញឱ្យភាគីទាំងអស់ជៀសវាងការកើនឡើងជម្លោះរវាងគ្នា និងប្រាប់សមភាគីអ៊ីស្រាអែលថា "កម្លាំង ពិតជាមិនអាចដោះស្រាយបញ្ហាបានទេ"។ 

សង្គ្រាមនៅអ៊ីរ៉ង់លើកនេះ សបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីនិងចិនបានត្រឹមរួមគ្នាស្នើឲ្យមានកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះ ប៉ុន្តែសម្ព័ន្ធមិត្តដ៏ល្អទាំងពីរនេះមិនបានបង្ហាញពីឆន្ទៈណាមួយ ក្នុងការជួយធ្វើអន្តរាគមន៍ផ្នែកយោធាដើម្បីគាំទ្រអ៊ីរ៉ង់នោះទេ។

រឿងនៅពីក្រោយឆាកសម្ព័ន្ធមិត្តរវាងអ៊ីរ៉ង់-រុស្ស៊ី និងអ៊ីរ៉ង់-ចិន ដំបូងឡើយ រុស្ស៊ី-អ៊ីរ៉ង់ ត្រឹមជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះ មិនមែនជាសម្ព័ន្ធមិត្តយោធានឹងគ្នាទេ។ 

នៅខែមករា ឆ្នាំ 2025 រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដែលគ្របដណ្តប់លើវិស័យនានាចាប់ពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងយោធា រហូតដល់វិទ្យាសាស្ត្រ វប្បធម៌ និងការអប់រំ។ 

តែកិច្ចព្រមព្រៀងនេះ មានភាពស៊ីជម្រៅទៅលើតែការជួយសម្រួលផ្នែកការពារ ស៊ើបការណ៍ និងគាំទ្រគម្រោងដូចជាច្រកដឹកជញ្ជូនដែលភ្ជាប់ពីរុស្ស៊ីទៅឈូងសមុទ្រកាត់អ៊ីរ៉ង់ប៉ុណ្ណោះ។ ដូច្នេះយោងតាមកិច្ចព្រមព្រៀង ទោះពេលនេះអ៊ីរ៉ង់កំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអាមេរិក និងអ៊ីស្រាអែលធ្ងន់ធ្ងរដល់កម្រិតណាក៏ដោយ ក៏ទីក្រុងមូស្គូមិនមានកាតព្វកិច្ចឆ្លើយតបជួយបានទេ។ 

ដោយសារក្នុងសន្ធិសញ្ញារបស់ពួកគេ មិនបានរួមបញ្ចូលចំណុចការពារគ្នាទៅវិញទៅមក ក្នុងការបង្កើតសម្ព័ន្ធភាពយោធាផ្លូវការ។ រីឯទំនាក់ទំនងចិន-អ៊ីរ៉ង់ និងដែនកំណត់របស់ពួកគេវិញ ក្នុងឆ្នាំ 2021 ប្រទេសចិន និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល 25ឆ្នាំ ក្នុងគោលបំណងពង្រីកទំនាក់ទំនងក្នុងវិស័យដូចជា ថាមពល សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការគឺស៊ីជម្រៅ និងសហគ្រាសជាច្រើនដែលមានការវិនិយោគនៅអ៊ីរ៉ង់។ 

តាមអ្នកយុទ្ធសាស្ត្រអន្តរជាតិចិនម្នាក់ (CISS) បានចេញបំភ្លឺជុំវិញទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងតេអេរ៉ង់ថា ចិនបានកំណត់យ៉ាងច្បាស់លាស់ជាយូរមកហើយជុំវិញភាពជាដៃគូជាមួយអ៊ីរ៉ង់ ជាពិសេសទាក់ទងនឹងការចូលរួមផ្នែកយោធា។ 

លោកស្រី Jodie Wen សង្កត់ធ្ងន់ថា រដ្ឋាភិបាលចិនតែងតែប្រកាន់ខ្ជាប់នូវការមិនជ្រៀតជ្រែកក្នុងបញ្ហារបស់ប្រទេសដទៃ… ខ្ញុំមិនគិតថារដ្ឋាភិបាលចិននឹងបញ្ជូនអាវុធទៅប្រទេសអ៊ីរ៉ង់នោះទេ”។ លោកស្រីបន្តថា តួនាទីរបស់ទីក្រុងប៉េកាំងទំនងជាផ្តោតលើការទូត ជាជាងសម្ព័ន្ធមិត្តយោធា៕