ប៉ារីស៖ លោក Philippe Tabarot រដ្ឋមន្ត្រីដឹកជញ្ជូនបារាំង បាននិយាយនៅថ្ងៃសុក្រថា ខណៈនេះ នាវាបារាំងប្រហែលជាង ៥០គ្រឿង ត្រូវបានជាប់គាំងនៅឈូងសមុទ្រពែរ្ស និង ៨ គ្រឿងទៀតនៅសមុទ្រក្រហម។ នេះបើតាម Reuter ចេញផ្សាយនៅថ្ងៃទី០៦ មីនា ឆ្នាំ២០២៦។
តាមសារព័ត៌មាន Global Banking & Finance Review បានឲ្យដឹងថា ដោយសារតែផ្ទុះសង្គ្រាមដ៏ខ្លាំងក្លានៅអ៊ីរ៉ង់ ជាហេតុបង្ករឲ្យនាវាបារាំង ត្រូវបានរារាំងនៅឈូងសមុទ្រ ហើយវាក៏រំខានដល់ការដឹកជញ្ជូនរបស់បារាំងផងដែរ ខណៈដែលភាពតានតឹងនៅឈូងសមុទ្រទាំងនេះមិនទាន់មានភាពធូរស្បើយនៅឡើយ។
តាមសេចក្តីថ្លែងការណ៍របស់មន្ត្រីបារាំង លោក Tabarot បានប្រាប់ទូរទស្សន៍បារាំង CNews/Europe 1 ថា "មាននាវាប្រហែល 50 - 52 គ្រឿង ជាប់គាំងនៅឈូងសមុទ្រពែរ្ស និងប្រាំបីគ្រឿងទៀតនៅសមុទ្រក្រហម ហើយយើងក៏កំពុងទាក់ទងគ្នាជាអចិន្ត្រៃយ៍ជាមួយនាវិកផងដែរ ព្រោះមាននាវិកបារាំងនៅលើនាវាទាំងនេះ"។
ការលើកឡើងនេះ សបញ្ជាក់ថាត្បិតនាវិកបារាំងទាំងមានសុវត្ថិភាពក៏ពិតមែន ប៉ុន្តែនាវាបារាំងទាំងអស់ដែលជាប់គាំងនៅឈូងសមុទ្រ មិនទាន់អាចរកដំណោះស្រាយបានទេ។
គួរឲ្យដឹងថា កាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតីបារាំងបានប្រកាសថា ខ្លួនបានបញ្ជូននាវាផ្ទុកយន្តហោះ ទៅកាន់សមុទ្រមេឌីទែរ៉ាណេដើម្បីឆ្លើយតបនឹងជម្លោះដែលរីករាលដាលនៅមជ្ឈិមបូព៌ា។
លោក ម៉ាក្រុង បញ្ជាក់ថា វាមានភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាសុវត្ថិភាពនៅច្រកសមុទ្រ Hormuz និងផ្លូវដឹកជញ្ជូនតភ្ជាប់ពីសមុទ្រមេឌីទែរ៉ាណេនិងសមុទ្រក្រហម ដែលកំពុងរងការគំរាមកំហែងដោយជម្លោះកំពុងរីករាលដាល៕




