2026-03-13 11:30
6

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) លោក Christian Lindmeier បាននិយាយក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី10 ខែមីនាថា អ៊ីរ៉ង់កំពុងប្រឈមនឹងភ្លៀងខ្មៅ ដោយសារតែសារធាតុពុលដែលបញ្ចេញបន្ទាប់ពីការវាយប្រហារតាមអាកាសលើឃ្លាំងផ្ទុកប្រេងនៅអ៊ីរ៉ង់។ 

កាលពីចុងសប្តាហ៍មុន យោធាអ៊ីស្រាអែលបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើកន្លែងស្តុកប្រេងរបស់អ៊ីរ៉ង់ ដោយផ្លាស់ប្តូរពីគោលដៅនយោបាយ និងយោធាទៅកាន់កន្លែងឧស្សាហកម្មស៊ីវិល។ ក្រោយការសង្គ្រប់វាយប្រហារ ទីក្រុងតេអេរ៉ង់ត្រូវបានគ្របដណ្តប់ដោយផ្សែងខ្មៅអួរអាប់ពាសពេញទីក្រុង។ 

ថ្ងៃបន្ទាប់ ភ្លៀងដែលផ្ទុកដោយប្រេងបានធ្លាក់មកជាមួយនឹងតំណក់ភ្លៀងពណ៌ខ្មៅ។ ហើយមនុស្សជាច្រើនបានប្រឈមនឹងអាការៈបញ្ហាផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរ។ តាម លោក Christian Lindmeier អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា "ភ្លៀងខ្មៅនិងភ្លៀងអាស៊ីតគឺជាគ្រោះថ្នាក់ពិតប្រាកដសម្រាប់មនុស្សជាពិសេសចំពោះប្រព័ន្ធដកដង្ហើម" ។ 

តាមអ្នកនាំពាក្យនេះដដែលបន្តថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបណ្តាលឱ្យមានការបញ្ចេញឧស្ម័នអ៊ីដ្រូកាបូនពុល អុកស៊ីដស្ពាន់ធ័រ និងសមាសធាតុអាសូតក្នុងទ្រង់ទ្រាយធំទៅក្នុងបរិយាកាស។ 

ហើយការស្រូបចូល ឬត្រូវបានប៉ះពាល់ផ្សែង និងភាគល្អិតចេញពីសារធាតុទាំងនេះអាចបណ្តាលឱ្យឈឺក្បាល រលាកស្បែក ភ្នែក និងថប់ដង្ហើម។ ហើយហានិភ័យកាន់តែធ្ងន់ធ្ងរនោះ វាអាចវិវត្តទៅជាជំងឺមហារីក។ 

តាមអ្នកវិទ្យាសាស្ត្របាននិយាយថា បាតុភូត "ភ្លៀងធ្លាក់ខ្មៅ" គឺជាលទ្ធផលនៃគំរូអាកាសធាតុដែលបោកបក់ចូលទៅក្នុងតំបន់ និងបណ្តាលឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយនឹងជាតិពុលក្នុងខ្យល់។ 

រីឯ លោក Akshay Deoras អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Reading បាននិយាយថា "ភ្លៀងធ្លាក់ខ្មៅបង្ហាញពីផលវិបាកបរិស្ថានដែលមនុស្សកំពុងជួបប្រទះ"។ 

លោកព្រមានថា ការប៉ះពាល់នឹងខ្យល់ពុលយូរ បង្កហានិភ័យដល់សុខភាពកាន់តែខ្លាំង។ មនុស្សត្រូវការពារខ្លួនដោយការស្នាក់នៅក្នុងផ្ទះ ពាក់ម៉ាស់ និងស្លៀកសម្លៀកបំពាក់គ្របស្បែកឲ្យជិតពេលចេញទៅក្រៅ។ 

លោក Deoras បន្ថែមថា គុណភាពខ្យល់អាចប្រសើរឡើងបន្តិចម្តងៗតាមពេលវេលា។ ហើយប្រសិនបើមិនមានការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀតទេ ហានិភ័យនៃការប៉ះពាល់នឹងថយចុះ។ ប៉ុន្តែប្រសិនការវាយប្រហារតាមផ្លូវអាកាសនៅតែបន្ត ស្ថានភាពនឹងកាន់តែគួរឱ្យព្រួយបារម្ភជាងនេះ។

គួរឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យអ្នកស្រុក Tehran ទាំងអស់ស្នាក់នៅក្នុងផ្ទះ និងមិនគួរចេញទៅក្រៅនោះទេ។ ក្នុងនោះ WHO ក៏កំពុងរៀបចំសម្របសម្រួលជាមួយអាជ្ញាធរអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពនេះផងដែរ៕