2026-03-13 12:48
5

"ខ្ញុំនឹងមិនផ្តល់ការធានារ៉ាប់រងអាយុជីវិតដល់មេដឹកនាំអ៊ីរ៉ង់ណាមួយឡើយ។ ហើយខ្ញុំនឹងមិនផ្តល់ព័ត៌មានច្បាស់លាស់អំពីអ្វីដែលយើងកំពុងរៀបចំផែនការ ឬនឹងអនុវត្ត" នេះជាសារព្រមានច្បាស់ៗពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទៅលើអាយុជីវិតរបស់មេដឹកនាំថ្មីរបស់អ៊ីរ៉ង់។

Mojtaba Khamenei អាយុ 56 ឆ្នាំ ជាកូនប្រុសរបស់លោក Ali Khamenei ត្រូវបានបោះឆ្នោតជ្រើសរើសនៅថ្ងៃទី8 ខែមីនា ជាមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ ដើម្បីដឹកនាំប្រទេសចំពេលមានជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងផ្ទុះឡើងកក្រើកពេញមជ្ឈិមបូព៌ា។ 

ចាប់តាំងពីត្រូវបានជ្រើសរើសជាមេដឹកនាំកំពូល លោក Mojtaba Khamenei មិនបានបង្ហាញខ្លួននៅចំពោះមុខសាធារណជននោះទេ។ 

ដោយក្នុងអំឡុងពេលពិធីស្បថចូលកាន់តំណែងនៅក្រុងតេអេរ៉ង់ មន្ត្រីអ៊ីរ៉ង់បានត្រឹមតែបង្ហាញរូបគាត់ប៉ុណ្ណោះ។ វាំងនននៅពីក្រោយការលាក់ខ្លួនរបស់មេដឹកនាំថ្មីរូបនេះ ដោយសារតែ កន្លងមក អាមេរិក និងអ៊ីស្រាអែល ធ្លាប់បានគំរាមជាសាធារណៈថា នឹងធ្វើឃាតអ្នកណាក៏ដោយ ដែលជាប់ឆ្នោតជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។

ខ្លាចការគម្រាមរបស់អាមេរិក និងអ៊ីស្រាអែលឬយ៉ាងណា ក្រោយការព្រមាននេះ នៅថ្ងៃទី 12 ខែមីនា អ៊ីរ៉ង់បានចេញផ្សាយសារដំបូងពីលោក Mojtaba ប៉ុន្តែវាជាទម្រង់សរសេរដែលត្រូវបានអានតាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ ព្រោះមេដឹកនាំថ្មីថ្មោងរូបនេះមិនបានបង្ហាញមុខតាមរយៈវីដេអូ ឬខ្សែសំឡេងនោះទេ។ 

នៅក្នុងសារនោះ លោក Mojtaba បានប្រកាសថា អ៊ីរ៉ង់នឹងបន្តការបិទច្រកសមុទ្រ Hormuz ដើម្បីបង្កើនសម្ពាធលើសត្រូវរបស់ខ្លួន និងធ្វើឱ្យសហរដ្ឋអាមេរិក រួមទាំងអ៊ីស្រាអែល ចំណាយលើការខូចខាតដែលពួកគេបានបង្ក។ 

ក្ដៅស្លឹកត្រចៀកងំ ក្រោយការព្រមាននេះត្រូវបានចែកចាយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បានចេញមកគម្រាមខ្លាំងៗវិញថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ នឹងមិនអាចបង្ហាញខ្លួនជាសាធារណៈបានទេ ហើយលោកក៏មិនធានាដល់អាយុជីវិតរបស់មេដឹកនាំអ៊ីរ៉ង់រូបនេះនោះដែរ៕