2026-03-17 13:56
8

តាមការប្រកាសច្បាស់ៗពី លោក Tim Hawkins អ្នកនាំពាក្យរបស់ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅថ្ងៃទី16 ខែមីនាថា ទាហានអាមេរិកជាង 200 នាក់បានរងរបួសនៅក្នុងប្រទេសចំនួន7 ក្រោយការប្រយុទ្ធគ្នារយៈពេល១៦ថ្ងៃជាមួយអ៊ីរ៉ង់ ដូចជា៖ បារ៉ែន អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដានី គុយវ៉ែត អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) ។ ក្នុងចំណោមនោះ មានជាង ១៨០នាក់បានត្រឡប់មកបំពេញកាតព្វកិច្ចវិញបន្ទាប់ពីព្យាបាលរួច។

យោធាអាមេរិកបានរាយការណ៍បន្ថែមថា មានទាហានអាមេរិក៧នាក់បានស្លាប់ក្នុងការវាយប្រហារដោយអ៊ីរ៉ង់។ លើសពីនេះ សមាជិកសេវាកម្មចំនួនប្រាំមួយនាក់ផ្សេងទៀតក៏បានស្លាប់ដែរកាលពីសប្តាហ៍មុន នៅពេលដែលយន្តហោះ KC-135 មួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ាក់។

តាមឧត្តមសេនីយ Dan Caine ប្រធានអគ្គសេនាធិការចម្រុះបាននិយាយថា ភាគច្រើននៃការស្លាប់របស់យោធាអាមេរិក គឺដោយសារតែការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ រីឯលោករដ្ឋមន្ត្រីការពារជាតិ Pete Hegseth បាននិយាយថា ការពិតជិត 90% នៃអ្នករបួសគឺស្រាល និងមិនសូវធ្ងន់ធ្ងរទេ។ 

គួរឲ្យដឹងថា តាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ទីបញ្ជាការកណ្តាលអាមេរិក ( CENTCOM) បានលើកឡើងថា ចាប់តាំងពីសង្គ្រាមចាប់ផ្ដើមនៅមជ្ឈិមបូព៌ា យោធាអាមេរិកបានវាយប្រហារលើគោលដៅជាង 7,000 នៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលអ៊ីស្រាអែលបានធ្វើការវាយប្រហារប្រហែល 8,000 កន្លែងដូចគ្នា។ 

គោលដៅវាយប្រហារទាំងនោះរួមមាន៖ ឧបករណ៍បាញ់មីស៊ីលប្រឆាំងនាវា កន្លែងផលិតមីស៊ីលផ្លោង យន្តហោះគ្មានមនុស្សបើក និងឃ្លាំងអាវុធអ៊ីរ៉ង់ រួមទាំងប្រព័ន្ធការពារដែនអាកាសផងដែរ៕