2026-03-19 12:08
6

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងមជ្ឈដ្ឋាននយោបាយអាមេរិក បន្ទាប់ពីបានដាក់សំណើសុំកញ្ចប់ថវិកា ជាង ២០០ ពាន់លានដុល្លារ ទៅកាន់សភាជាតិ ដើម្បីគាំទ្របន្តប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន The Washington Post និងបណ្តាញសារព័ត៌មានអន្តរជាតិធំ បានចុះផ្សាយព្រោងព្រាតនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះថា មន្ទីរបញ្ចកោណបានជំរុញឲ្យសេតវិមានអនុម័តកញ្ចប់ថវិកាដ៏ធំនេះ ដើម្បីពន្លឿនការផលិតអាវុធសំខាន់ៗ ដែលកំពុងប្រឈមមុខនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរ។

មូលហេតុសំខាន់មួយនៃការស្នើសុំថវិកាដ៏ច្រើននេះ គឺដោយសារតែឃ្លាំងគ្រាប់រំសេវរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ រយៈពេល៣សប្តាហ៍ជាប់ៗគ្នា ដោយកងទ័ពអាមេរិក និងអ៊ីស្រាអែល ទៅលើគោលដៅរាប់ពាន់កន្លែងក្នុងទឹកដីអ៊ីរ៉ង់។

ការស្នើសុំថវិកាដ៏មហាសាលនេះ ត្រូវបានរំពឹងថានឹងបង្កឲ្យមានការប្រកែកគ្នាយ៉ាងខ្លាំងនៅក្នុងសភា ខណៈដែលសមាជិកមួយចំនួនពីគណបក្សប្រជាធិបតេយ្យ បានចេញមុខរិះគន់យ៉ាងតឹងរ៉ឹង ហើយការគាំទ្រពីសាធារណជននៅតែមានកម្រិត។

គួរឱ្យកត់សម្គាល់ថា តម្លៃនៃប្រតិបត្តិការយោធានៅអ៊ីរ៉ង់ បានកើនឡើងយ៉ាងលឿន ដោយគ្រាន់តែក្នុងសប្តាហ៍ដំបូង បានចំណាយអស់ ជាង ១១ ពាន់លានដុល្លារ ដែលចំនួននេះ លើសពីកញ្ចប់ថវិកា ១៨៨ ពាន់លានដុល្លារ ដែលសភាអាមេរិកធ្លាប់អនុម័តសម្រាប់ជួយអ៊ុយក្រែនផងដែរ។

ស្ថានការណ៍នេះ កំពុងបង្កការព្រួយបារម្ភអំពីទិសដៅនយោបាយ និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ខណៈសង្គ្រាមនៅអ៊ីរ៉ង់ បន្តពង្រីក និងមានសញ្ញាថានឹងអូសបន្លាយរយៈពេលវែង៕