ក្ដៅស្លឹកត្រចៀកងំ ទ្រាំមិនបានដែលអ៊ីរ៉ង់ហ៊ានប៉ះដៃជើងរបស់ខ្លួន លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេរិក «មិនបានដឹងអ្វីសោះ» អំពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ឧស្ម័ន South Pars ក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃពុធ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ដោយសារតែមានការបើកដៃពីបងធំអាមេរិកទើបអ៊ីស្រាអែលហ៊ានបើកការវាយប្រហារដ៏ធំបែបនេះ លើតំបន់ឧស្ម័នធំបំផុតរបស់អ៊ីរ៉ង់។
តាមការបង្ហោះសំណេរ ដែលសង្កត់ពាក្យគំរាមធ្ងន់ៗ នៅលើបណ្ដាញសង្គមផ្លូវការរបស់ លោក ត្រាំ ប្រធានាធិបតីអាមេរិករូបនេះ បានព្រមានអ៊ីរ៉ង់វិញថា ប្រសិនប្រទេសនេះនៅតែព្រហើន ហ៊ានបើកការសងសឹកបន្ថែមទៀតទៅលើកន្លែងស្តុកថាមពល Ras Laffan របស់ប្រទេសកាតា នោះអាមេរិកនឹងបើកការសងសឹកវិញគុណនឹងពីរទៅទីក្រុងតេអេរ៉ង់។
យុទ្ធនាការសងសឹកមិនប្រិចភ្នែករបស់អ៊ីរ៉ង់លើ កន្លែងផលិតឧស្ម័នធម្មជាតិរាវដ៏ធំបំផុតរបស់ពិភពលោក Ras Laffan ក្នុងប្រទេសកាតា ពេលនេះ កំពុងធ្វើឲ្យអាមេរិក និងអ៊ីស្រាអែលទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ក្រោយអ៊ីរ៉ង់អះអាងថា ការវាយប្រហារលើប្រទេសកាតាមិនមែនគ្មានមូលហេតុទេ ព្រោះអ៊ីស្រាអែលព្រហើនបើកការកម្ទេចលើតំបន់ឧស្ម័ន South Pars ដ៏ធំរបស់ខ្លួនមុន។
យ៉ាងណាជុំវិញវាំងននខ្មៅនៅពីក្រោយឆាកវាយប្រហារនេះ លោក ត្រាំ បានបញ្ជាក់ថា ខ្លួនមិនបានដឹងនោះទេ។ ចំណែកអ៊ីស្រាអែលក៏មិនទាន់ចេញការអត្ថាធិប្បាយណាមួយដែរ៕




