2026-03-20 11:43
5

កូរ៉េខាងជើងបានបញ្ចេញរូបថតដ៏កម្ររបស់កុមារី Kim Ju-ae ដែលជាកូនស្រីបណ្ដូលចិត្តរបស់មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុង អ៊ុន អំឡុងពេលកំពុងបើកបររថក្រោះប្រយុទ្ធដ៏សំខាន់ជំនាន់ថ្មីស្រឡាងរបស់ទីក្រុងព្យុងយ៉ាង ខណៈពេលនាងនិងឪពុកចុះទៅពិនិត្យមើលសមយុទ្ធកងទ័ព។

តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃទី២០ ខែមីនានេះថា សមយុទ្ធខាងលើធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា នៅមូលដ្ឋានហ្វឹកហ្វឺនលេខ៦០ ក្នុងទីក្រុងព្យុងយ៉ាង ដែលមានការចូលរួមពីក្រុមហ៊ុនថ្មើរជើងមេកានិច អង្គភាពរថក្រោះប្រយុទ្ធដ៏សំខាន់មួយមកពីកងកម្លាំងបម្រុងនៃអគ្គសេនាធិការកងទ័ពកូរ៉េខាងជើង និងអង្គភាពកងកម្លាំងពិសេស។ 

តាមការបញ្ចេញរូបភាពពីកូរ៉េខាងជើង បានបង្ហាញថា កុមារី Kim Ju-ae បានអង្គុយលើកៅអីអ្នកបើកបរនៃរថក្រោះប្រយុទ្ធជំនាន់ថ្មីរបស់ប្រទេសកូរ៉េខាងជើង ខណៈដែលឪពុករបស់នាង លោក Kim Jong-un និងមេបញ្ជាការយោធាពីរទៅបីនាក់ បានអង្គុយចាំការពារជុំវិញនាង ប្រសិនមានករណីធ្វេសប្រហេសណាមួយកើតឡើង។

តាម KCNA ដដែលបានរាយការណ៍ថា យោធាកូរ៉េខាងជើងបានដាក់ពង្រាយរថក្រោះប្រយុទ្ធសំខាន់ៗជំនាន់ថ្មី ដើម្បីចូលរួមក្នុងសមយុទ្ធនៅថ្ងៃទី១៩ មីនា គោលបំណងបង្ហាញពីសមត្ថភាពដ៏ពិសេសរបស់រថក្រោះប្រយុទ្ធទាំងនោះ។ 

តាមការឲ្យដឹង គំរូរថក្រោះនេះបានចូលរួមក្នុងការសាកល្បងជាច្រើនលើករួចមកហើយ វាអាចស្ទាក់ចាប់មីស៊ីលជោគជ័យបាន 100% រួមទាំងយន្តហោះគ្មានមនុស្សបើកដែលវាយប្រហារពីទិសដៅជាច្រើនបានទៀតផង។ 

រថក្រោះថ្មីរបស់កូរ៉េខាងជើងត្រូវបានបំពាក់ដោយប្រព័ន្ធអាវុធបញ្ជាពីចម្ងាយ ឧបករណ៍សង្គ្រាមអេឡិចត្រូនិក និងបច្ចេកវិទ្យាផ្សេងៗដើម្បីបង្កើនអានុភាពរបស់វាឲ្យកាន់តែសាហាវ។

គួរឲ្យដឹងថា យោងតាមការស៊ើបអង្កេតរបស់កូរ៉េខាងត្បូង កុមារី Ju-ae ត្រូវបានគេជឿថា ជាកូនស្រីទីពីររបស់មេដឹកនាំកូរ៉េខាងជើង។ នាងត្រូវបានគេចាត់ទុកជាយូរមកហើយថាជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់ លោក Kim Jong-un។ 

តាមសេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) បាននិយាយកាលពីខែមុនថា Ju-ae ត្រូវបានគេរៀបចំឱ្យក្លាយជាអ្នកស្នងតំណែងរបស់ លោក Kim ទៅថ្ងៃអនាគត៕