2026-03-20 10:28
10

ក្រុមប្រទេសចំនួនប្រាំមួយដូចជា៖ អង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី និងហូឡង់ បានរួមសំឡេងគ្នា ប្រកាសថ្កោសទោសអ៊ីរ៉ង់យ៉ាងរឹងមាំ ដោយអំពាវនាវឱ្យប្រទេសនេះបញ្ឈប់ជាបន្ទាន់នូវសកម្មភាពគំរាមកំហែង ការដាក់មីនក្រោមទឹក ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក មីស៊ីល និងការប៉ុនប៉ងផ្សេងទៀតដើម្បីបិទច្រកសមុទ្រដែលជាមាត់ទ្វារសំខាន់សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្មពិភពលោក។

ប្រទេសចំនួនប្រាំមួយខាងលើ បានប្រកាសថា ពួកគេត្រៀមខ្លួនរួចរាល់ហើយក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យមានការធ្វើនាវាចរប្រកបដោយសុវត្ថិភាពនៅក្នុងច្រកសមុទ្រ Hormuz ។ 

យោងតាមសេចក្ដីថ្លែងការណ៍រួម អង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី និងហូឡង់ បានលើកឡើងថា សេរីភាពនៃការធ្វើនាវាចរណ៍ គឺជាគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រផងដែរ។ 

សេចក្តីថ្លែងការណ៍រួមបានបន្ថែមថា “ផលវិបាកនៃសកម្មភាពរបស់អ៊ីរ៉ង់ នឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សជុំវិញពិភពលោក ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត”។

សូមបញ្ជាក់ថា អ៊ីរ៉ង់បានបើកការវាយប្រហារដោយមិនប្រិចភ្នែកលើ នាវាពាណិជ្ជកម្មចំនួន 23 គ្រឿង រួមទាំងនាវាដឹកប្រេងចំនួន 10គ្រឿងផ្សេងទៀត ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ។ 

តាមអង្គការដែនសមុទ្រអន្តរជាតិ (IMO) បានប៉ាន់ប្រមាណនៅថ្ងៃទី18 ខែមីនាថា នាវិកជិត 20,000 នាក់ និងនាវាប្រមាណ 3,200 គ្រឿង បច្ចុប្បន្នកំពុងជាប់គាំងនៅក្នុងតំបន់ច្រកសមុទ្រ Hormuz ៕