2026-03-28 12:00
11

បច្ចុប្បន្ន មាននាវាដឹកប្រេងរាប់រយគ្រឿងកំពុងជាប់គាំងនៅច្រក Hormuz បន្ទាប់ពីអ៊ីរ៉ង់បានសម្រេចបិទផ្លូវដឹកជញ្ជូននេះ ក្នុងន័យឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។ ការបិទនេះធ្វើឲ្យការដឹកជញ្ជូនប្រេង និងឧស្ម័នត្រូវបានផ្អាកភ្លាមៗ ហើយជាលទ្ធផលតម្លៃប្រេងបានឡើងថ្លៃទូទាំងពិភពលោក។ 

តាមការអះអាងពី លោក Trump បាននិយាយថា អាមេរិកនឹងបើកច្រក Hormuz ឡើងវិញ មិនថាដោយវិធីណាក៏ដោយ។ ប៉ុន្តែតាមអ្នកជំនាញជាច្រើនមើលឃើញថា វាជាការងារលំបាកខ្លាំង ព្រោះសូម្បីតែអាមេរិកដែលមានកម្លាំងយោធាខ្លាំងលើសគេ ក៏មិនទាន់អាចធ្វើបានផងក្នុងរយៈពេលជិតមួយខែមកហើយ។

តាមការដកស្រង់ប្រភពពី V.N. Express នៅថ្ងៃទី២៨ មីនា នេះបានបង្ហាញថា ច្រកសមុទ្រ Hormuz ងាយបិទ ប៉ុន្តែពិបាកបើកឡើងវិញណាស់ ដោយយោងលើបរិបទចំនួន៣គឺ៖ ទី១៖ ទីតាំងភូមិសាស្ត្រពិបាក (ចង្អៀត និងមានភ្នំជុំវិញ) , ទី២៖ សមត្ថភាពយោធារបស់អ៊ីរ៉ង់មិនងាយទាយដឹងមុនបានទេ និងទី៣៖ ហានិភ័យខ្ពស់ក្នុងការការពារនាវាដែលឆ្លងកាត់។ 

ដូច្នេះតើអ៊ីរ៉ង់អាចបិទច្រកនេះបានដោយប្រើវិធីអ្វីខ្លះ?

ទី១៖ ដាក់មីនក្នុងសមុទ្រ៖ អ៊ីរ៉ង់អាចដាក់គ្រាប់មីនក្នុងទឹកសមុទ្រ ដូចនេះប្រសិនជានាវាណាដែលឆ្លងកាត់តំបន់នោះអាចបង្ករឲ្យផ្ទុះបានភ្លាមៗ។ វិធីនេះមានប្រសិទ្ធភាពខ្ពស់និងធ្វើឲ្យសត្រូវពិបាកសំអាតមីន និងចំណាយពេលយូរដើម្បីសម្អាត។ 

ទី២៖ ប្រើមីស៊ីលវាយនាវា៖ អ៊ីរ៉ង់មានមីស៊ីលរយៈចម្ងាយឆ្ងាយ ដូច្នេះយោធាពួកគេអាចប្រើមីស៊ីលបាញ់ពីឆ្នេរតម្រង់ទៅនាវាដឹកប្រេង ឬនាវាចម្បាំងបានដោយងាយស្រួល ព្រោះច្រកសមុទ្រនេះតូចចង្អៀត បែបនេះហើយយោធាទាំងនោះគ្រាន់តែបាញ់ពីលើគោក ក៏អាចធ្វើឲ្យនាវាទាំងអស់ស្ថិតក្នុងគ្រោះថ្នាក់បានដែរ។ 

ទី៣៖ ប្រើទូកល្បឿនលឿន៖ អ៊ីរ៉ង់មានទូកតូចៗ ល្បឿនលឿនជាច្រើន អាចព្រួតគ្នាវាយជាក្រុម លើនាវាធំៗ ដែលធ្វើឲ្យនាវាធំៗទាំងនោះពិបាកការពារខ្លួន និងបង្កភាពភ័យខ្លាចដល់ការដឹកជញ្ជូនផងដែរ។ 

ទី៤៖ ប្រើនាវាមុជទឹក៖ អ៊ីរ៉ង់អាចប្រើនាវាមុជទឹកដើម្បីលាក់ខ្លួនក្រោមទឹក និងវាយប្រហារមួយរំពេចប្រសិននាវាណាមួយធ្វើដំណើរត្រង់ចំណុចក្រហមនេះ វិធីសាស្រ្តនេះធ្វើឲ្យសត្រូវពិបាករកឃើញនិងបង្កហានិភ័យខ្ពស់ណាស់។ 

ដូច្នេះនិយាយឲ្យសាមញ្ញទៅ អ៊ីរ៉ង់មិនចាំបាច់ចូលវាយប្រហារផ្ទាល់ជាមួយសត្រូវនោះទេ គ្រាន់តែប្រើវិធីសាស្រ្តធ្វើឲ្យនាវាទាំងអស់មិនអាចឆ្លងកាត់បាននោះជាវិធីសាស្រ្តដែលឈ្នះមួយផ្នែកធំទៅហើយ។ ព្រោះបើនាវាណាក្លាហានឆ្លងកាត់ច្រកមួយនេះ ដំបូងត្រូវសម្អាតមីនក្រោមទឹកជាមុនសិន បន្ទាប់មកត្រូវមាននាវាផ្សេងទៀតអមដំណើរការពារនាវាទាំងអស់ ចុងក្រោយត្រូវប្រឈមជាមួយកម្លាំងអ៊ីរ៉ង់ដែលត្រៀមចាំវាយប្រហាររួចជាស្រេច។ 

បែបនេះបើអាមេរិកចង់បើកច្រក Hormuz ឡើងវិញត្រូវធ្វើដូចម្ដេច?

ទី១៖ សម្អាតមីនក្នុងសមុទ្រ៖ អាមេរិកត្រូវប្រើនាវាពិសេសរបស់ខ្លួនដើម្បីរុករក និងដោះមីន ប៉ុន្តែបញ្ហាប្រឈមនោះគឺ កម្លាំងអាមេរិកនឹងចំណាយពេលយូរ ជួបគ្រោះថ្នាក់ខ្ពស់និងអាចត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ពេលកំពុងសម្អាត។ 

ទី២៖ ការពារនាវាដឹកប្រេង៖ អាមេរិកអាចបញ្ជូននាវាចម្បាំងធំៗ ដើម្បីធ្វើជាខែលការពារនាវាដឹកប្រេងឲ្យឆ្លងកាត់បានដោយសុវត្ថិភាព តែទីក្រុងវ៉ាស៊ីនតោនត្រូវការកម្លាំងច្រើន ដើម្បីការពារការវាយប្រហារពីទូកល្បឿនលឿន ឬមីស៊ីលរបស់អ៊ីរ៉ង់ដូចគ្នា។ 

ទី៣៖ វាយបំផ្លាញគោលដៅយោធាអ៊ីរ៉ង់៖ អាមេរិកអាចវាយលើទីតាំងបាញ់មីស៊ីល មូលដ្ឋានទ័ព និងនាវាមុជទឹកអ៊ីរ៉ង់ ដើម្បីកាត់បន្ថយសមត្ថភាពវាយប្រហាររបស់ទីក្រុងតេអេរ៉ង់។ 

ទី៤៖ ប្រើទ័ពអន្តរជាតិ៖ អាមេរិកអាចសហការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា NATO ,អឺរ៉ុប និងអាស៊ី ដើម្បីជួយគ្នាការពារផ្លូវសមុទ្រ។ 

និងចុងក្រោយប្រើយុទ្ធសាស្រ្តការទូត ប្រើកម្លាំងតែម្យ៉ាងមិនគ្រប់គ្រាន់ទេ អាមេរិកអាចបើកតុចរចាជាមួយអ៊ីរ៉ង់ ដើម្បីបន្ថយភាពតានតឹង និងបើកច្រកសមុទ្រវិញដោយសន្តិភាព។ តែទោះយ៉ាងណាវិធីសាស្រ្តខាងលើនេះ អាមេរិកនឹងត្រូវចំណាយច្រើន និងអាចប្រឈមគ្រោះថ្នាក់ខ្ពស់ទៀតផង។

ដូចនេះរង់ចាំមើលថា តើមហាអំណាចពិភពលោកមួយនេះនឹងប្រើយុទ្ធសាស្រ្តបែបណាដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញបាន?

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា