2026-03-27 14:35
6

តបទៅអ៊ីរ៉ង់វិញមិនចាំយូរឡើយ មន្ទីរបញ្ចកោណកំពុងពិចារណាលើការដាក់ពង្រាយទាហានថ្មើរជើងអាមេរិកចំនួន 10,000 នាក់បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ដើម្បីធ្វើសង្គ្រាមផ្លូវគោកជាមួយអ៊ីរ៉ង់។

តាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី 26 ខែមីនា ដោយដកស្រង់សម្តីមន្ត្រីដែលមិនបញ្ចេញឈ្មោះនៅក្រសួងការពារជាតិសហរដ្ឋអាមេរិកថា កងកម្លាំងដែលអាមេរិកគ្រោងពង្រាយនេះទំនងជារួមមាន៖ កងពលថ្មើរជើង និងរថពាសដែក កងម៉ារីនប្រមាណ 5,000 នាក់ និងកងទ័ពរាប់ពាន់នាក់មកពីកងពលធំទ័ពអាកាសទី82។ 

ជុំវិញព័ត៌មានដែលបែកធ្លាយនេះ អ្នកនាំពាក្យរបស់បញ្ជាការកណ្តាល (CENTCOM) ដែលជាទីភ្នាក់ងារទទួលបន្ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់។

លើសពីនេះ ព័ត៌មានខាងលើបានកើតឡើងបន្ទាប់ពី លោក Trump បានប្រកាសច្បាស់ៗថា លោកនឹងពន្យារពេលវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់រយៈពេល 10 ថ្ងៃទៀត ប៉ុន្តែនៅពីក្រោយការទុកឱកាសឲ្យអ៊ីរ៉ង់ម្ដងជាពីរដងនេះ លោក ត្រាំ ក៏បានគំរាមដែរថា អាមេរិកនឹងបង្កើនសម្ពាធលើទីក្រុងតេអេរ៉ង់បន្ថែម ប្រសិនប្រទេសនេះនៅតែចចេសមិនព្រមឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។

តាមសារព័ត៌មាន Associated Press បានរាយការណ៍កាលពីថ្ងៃទី25 ខែមីនា កន្លងទៅដោយដកស្រង់ប្រភពព័ត៌ចំនួនបីបង្ហាញថា យោធាអាមេរិកពិតជាកំពុងរៀបចំដាក់ពង្រាយទាហានយ៉ាងហោចណាស់ 1,000 នាក់ពីកងពលធំទ័ពអាកាសទី82 ទៅកាន់មជ្ឈិមបូព៌ាប្រាកដមែន។ 

ហើយនេះជាការបន្ថែមចុងក្រោយបំផុតសម្រាប់កងកម្លាំងអាមេរិកទៅមជ្ឈិមបូព៌ា បន្ទាប់ពីនាវាកងទ័ពជើងទឹកជាច្រើនគ្រឿងរបស់វ៉ាស៊ីនបានដឹកទាហានម៉ារីនរាប់ពាន់នាក់ធ្វើដំណើរទៅកាន់តំបន់នេះ។

សូមបញ្ជាក់ថា កងពលធំទ័ពអាកាសទី82 របស់អាមេរិកត្រូវបានបណ្តុះបណ្តាលឱ្យលោតឆ័ត្រយោងចូលទៅក្នុងទឹកដីដែលមានជម្លោះ ឬអរិភាព ដើម្បីដណ្តើមយកតំបន់សំខាន់ៗ មកគ្រប់គ្រង។ 

ហើយប្រសិនទ័ពមួយម៉ឺននាក់នេះបន្តទៅមជ្ឈិមបូព៌ាពិតមែន នោះមានន័យថា ទ័ពសរុបរបស់អាមេរិកមានចំនួន៦ម៉ឺននាក់ ខណៈអ៊ីរ៉ង់បានត្រៀមទាហានថ្មើជើងចាំទទួលអាមេរិកចំនួន១លាននាក់រួចជាស្រេច។

ប្រសិនទ័ពថ្មើជើងទាំងពីរប៉ះគ្នាមែន តើជាអាមេរិក ឬអ៊ីរ៉ង់ដែលជាអ្នកចុះចាញ់នោះ ខណៈកម្លាំងទ័ពទាំងពីរមិនទាន់សមាមាត្រគ្នានៅឡើយ?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា