2026-03-27 13:04
6

សង្គ្រាមអាចមិនបញ្ចប់ត្រឹមរយៈពេលពី៤-៨ សប្ដាហ៍ដូចដែលលោក ត្រាំ បានគ្រោងទុកនោះទេ ខណៈនេះអ៊ីរ៉ង់ហាក់បានចល័តទ័ពជើងគោកមួយលាននាក់រួចទៅហើយដើម្បីត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាមជាមួយអាមេរិក ដែលលេចធ្លាយព័ត៌មានថា មហាអំណាចពិភពលោកមួយនេះ អាចនឹងបើកការវាយលុកផ្លូវគោកលើទឹកដីទីក្រុងតេអេរ៉ង់។ 

តាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃទី២៦ ខែមីនាដោយដកស្រង់ប្រភពយោធាដែលដឹងពីស្ថានភាពថា ពេលនេះរលកនៃកងកម្លាំងជើងគោករបស់អ៊ីរ៉ង់បានកើនឡើងយ៉ាងគំហុក ស្របពេលដែលទីក្រុងតេអេរ៉ង់ដាក់ការរំពឹងទុកថា អាមេរិកអាចមានលទ្ធភាពខ្ពស់ក្នុងការវាយលុក នៅភាគខាងត្បូងក្នុងប្រទេសរបស់ខ្លួន។ 

យោងតាមប្រភពដដែលបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់មិនញញើតជាមួយមហិច្ឆតារបស់អាមេរិកនោះទេ ព្រោះពួកគេបានចល័ត និងដាក់ពង្រាយទាហានជាងមួយលាននាក់ឯណោះសម្រាប់ប្រតិបត្តិការជើងគោក។ 

លើសពីនេះទៀត ក៏មានយុវជនអ៊ីរ៉ង់ជាច្រើននាក់ បានស្ម័គ្រចិត្តដាក់ពាក្យទៅកាន់ទីស្នាក់ការកណ្តាលនៃកងជីវពល Basij, កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) និងកងទ័ពដើម្បីចូលរួមក្នុងការប្រយុទ្ធជាមួយអាមេរិកដោយមិនដកដៃផងដែរ។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានទាហានប្រមាណ ៥០,០០០ នាក់នៅមជ្ឈិមបូព៌ារួចទៅ ហើយ ប៉ុន្តែចំនួនមិនទាន់អស់ត្រឹមនេះទេ ព្រោះទីក្រុងវ៉ាស៊ីនតោនក៏កំពុងត្រៀមរៀបចំដាក់ពង្រាយទាហានរាប់ពាន់នាក់បន្ថែមទៀត ទៅកាន់មជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។

តាមការចេញផ្សាយដោយ V.N. Express នៅថ្ងៃទី២៧ មីនានេះបានបង្ហាញថា រដ្ឋបាល Trump អាចនឹងមានទំនោរទៅរកការវាយលុកយ៉ាងខ្លាំងក្លា ដើម្បីគ្រប់គ្រងកោះ Kharg ដែលពិភពលោកបានដឹងថាវាជា "ខ្សែជីវិតប្រេង" របស់អ៊ីរ៉ង់។ 

ម្យ៉ាងវិញទៀត គោលបំណងសំខាន់នៃប្រតិបត្តិការរបស់អាមេរិកនេះ គឺដើម្បីបង្កើនសម្ពាធលើទីក្រុង Tehran និងបង្ខំឱ្យប្រទេសនេះព្រមបើកច្រកសមុទ្រ Hormuz ឲ្យដូចដើមវិញប៉ុណ្ណោះ។

ព័ត៌មានខាងលើបានធ្វើឲ្យអ្នកជំនាញជឿថា ការដាក់ពង្រាយកងទ័ពអាមេរិកទៅកាន់កោះ Kharg របស់អ៊ីរ៉ង់ នឹងក្លាយជាចំណុចក្ដៅមួយដែលពិបាកពន្លត់ ហើយវាអាចនឹងអូសបន្លាយពេលវែងជាមួយនឹងហានិភ័យជាច្រើន រួមទាំងវិបត្តិធ្ងន់ធ្ងរផ្សេងទៀត ដែលសូម្បីតែអាមេរិកក៏មិនអាចគេចផុតបានដែរ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា