2026-03-27 09:39
17

អគ្គកុងស៊ុលអ៊ីរ៉ង់ប្រចាំទីក្រុង Mumbai ប្រទេសឥណ្ឌាបានឲ្យដឹងថា លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ សម្រេចអនុញ្ញាតឱ្យនាវាមកពីប្រទេសជាមិត្តរួមមាន៖រុស្ស៊ី ចិន ឥណ្ឌា អ៊ីរ៉ាក់ និងប៉ាគីស្ថាន អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានដោយសុវត្ថិភាព។ 

តាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានចេញមកប្រកាសដែរថា នាវាម៉ាឡេស៊ីក៏នឹងត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាពផងដែរបន្ទាប់ពីបានពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ង់ និងប្រទេសក្នុងតំបន់មួយចំនួនរួចរាល់។

ការយល់ព្រមរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz មិនមែនគ្មានហេតុផលនៅពីក្រោយនោះទេ តាមក្រុមប្រឹក្សាការពារជាតិអ៊ីរ៉ង់ បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងអនុញ្ញាតឱ្យនាវាអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន ប្រសិនបើពួកគេមិនបានចូលរួម ឬគាំទ្រសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់ ជាពិសេសការគោរពយ៉ាងម៉ឺងម៉ាត់លើបទប្បញ្ញត្តិសន្តិសុខដែលកំណត់ដោយទីក្រុងតេអេរ៉ង់តែម្ដង។ 

ហើយការឆ្លងកាត់ច្រកសមុទ្របានដោយសុវត្ថិភាពឬអត់ គឺអាស្រ័យលើការសម្របសម្រួលជាមុនរវាងកងកម្លាំងអ៊ីរ៉ង់ និងភាគីពាក់ព័ន្ធផ្សេងទៀត។ 

រឿងដែលគួរឲ្យចាប់អារម្មណ៍នោះ ពេលនេះសភាអ៊ីរ៉ង់កំពុងធ្វើការពិចារណាលើវិក័យប័ត្រមួយដើម្បីគិតថ្លៃលើនាវាទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ជាថ្នូរនឹងការធានាសុវត្ថិភាពសន្តិសុខនាវាទាំងនោះ ដែលផែនការនេះគេរំពឹងថានឹងត្រូវបានអនុម័តនៅសប្តាហ៍ក្រោយ។

ចំណាត់ការខាងលើរបស់អ៊ីរ៉ង់ត្រូវបានគេមើលឃើញថា ប្រទេសមួយនេះកំពុងតែមានបំណងដើម្បីតម្លើងខ្លួនឲ្យក្លាយជាអ្នកគ្រប់គ្រងលំហូរថាមពលសកល ម្យ៉ាងក៏ជានុយដើម្បីដាក់សម្ពាធដល់សហរដ្ឋអាមេរិក ឱ្យបញ្ចប់សង្គ្រាមឲ្យលឿនបំផុតក្នុងប្រទេសរបស់ខ្លួនតាមដែលអាចធ្វើទៅបានផងដែរ។ 

សូមបញ្ជាក់ឡើងវិញថា ច្រកសមុទ្រ Hormuz ដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិសុខថាមពលពិភពលោក។ ប្រហែល 20% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារអ៊ីរ៉ង់មិនព្រមអនុញ្ញាត ឲ្យនាវាណាមួយអាចឆ្លងកាត់ច្រកសមុទ្រនេះបានទេ ជាលទ្ធផលធ្វើឲ្យចរាចរដឹកជញ្ជូននៅ Hormuz ត្រូវបានថយចុះរហូតដល់ 95% ឯណោះបើប្រៀបធៀបទៅនឹងកម្រិតមុនជម្លោះ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា