2026-03-28 16:23
8

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩និង៣៥នាទីព្រឹក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ។

ការចុះសង្កេតការណ៍នេះ មានគោលបំណងតាមដានការគោរព និងអនុវត្តវិធានការទាំងអស់ ដែលបានកំណត់ក្នុងសេចក្តីប្រកាសរួម បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

លោកស្រីបានបន្តថា បេសកកម្មនេះ គឺជាការចុះសង្កេតការណ៍ប្តូរវេនរវាងប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន ដោយប្រទេសម៉ាឡេស៊ី ដែលបានបញ្ចប់អាណត្តិ នឹងផ្ទេរតួនាទីដឹកនាំទៅឱ្យប្រទេសហ្វីលីពីន បន្តក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុម AOT ប្រចាំនៅកម្ពុជា។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងសេចក្តីថ្លែងការណ៍សន្តិភាព និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ។

អាជ្ញាធរបានអះអាងថា ការអនុវត្តវិធានការទាំងនេះ មានគោលដៅ ដើម្បីធានាបាននូវការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង នៅតំបន់ព្រំដែនកម្ពុជា-ថៃ៕