2026-03-28 16:35
9

កោះកុង៖ សាលាដំបូងខេត្តកោះកុង បានប្រកាសសាលក្រមផ្តន្ទាទោសយ៉ាងតឹងរ៉ឹងលើជនជាប់ចោទ ចំនួន ១២នាក់ ពាក់ព័ន្ធបទល្មើស រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យប្រាក់ក្នុងម្នាក់ៗ ១០០ លានរៀល។

យោងតាមអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការជាសាធារណៈ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លើសំណុំរឿងព្រហ្មទណ្ឌលេខ ៤០៣ និងបានប្រកាសសាលក្រមលេខ ៥៧ “ង” នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

ជនជាប់ចោទទាំង១២នាក់ ត្រូវបានរកឃើញថា មានពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកោះកុង ចន្លោះពីខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាបទល្មើសធ្ងន់ធ្ងរ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ក្នុងនោះ វត្ថុតាងសំខាន់ដែលសមត្ថកិច្ចរឹបអូសបាន រួមមានសារធាតុញៀនសរុបទម្ងន់ ជាង ៤តោន ៤៨២គីឡូក្រាម ក្នុងនោះមាន Ketamine និង Methamphetamine ចំនួនដ៏ច្រើន ត្រូវបានសម្រេចឱ្យបំផ្លាញចោលតាមច្បាប់។

ជាមួយគ្នានេះ តុលាការក៏បានបង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ដែលកំពុងគេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់។

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង បានបញ្ជាក់ថា នឹងបន្តអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត៕