អាមេរិកអាចប្រើកម្លាំងបាយដើម្បីកម្ទេចអ៊ីរ៉ង់បាន ប៉ុន្តែមិនប្រាកដថានឹងប្រើចិត្តសាស្រ្តបំបាក់ស្មារតីស្នេហាជាតិរបស់ប្រទេសនេះបាននោះទេ។
តេអេរ៉ង់បានស្រែកប្រកាសឲ្យ លោក ត្រាំ បានឮថា ប្រជាជនអ៊ីរ៉ង់ប្រហែល ៧លាននាក់បានត្រៀមខ្លួនរួចហើយ ក្នុងការបំពាក់អាវុធដើម្បីការពារប្រទេសពួកគេ ខណៈដែលសហរដ្ឋអាមេរិកត្រូវបានគេជឿថាទំនងជានឹងចាប់ផ្តើមប្រតិបត្តិការសង្គ្រាមផ្លូវគោកវិញម្ដង។
ក្រោយយោធាអាមេរិកបើកប្រតិបត្តិការកម្ទេចស្ពានដ៏ធំរបស់អ៊ីរ៉ង់ លោក Trump បានបន្តបង្ហោះសំណេរគម្រាមលើបណ្ដាញសង្គមផ្លូវការថា "យោធាសហរដ្ឋអាមេរិក ដែលជាកម្លាំងដ៏ធំ និងមានឥទ្ធិពលបំផុតនៅក្នុងពិភពលោក មិនទាន់បានចាប់ផ្តើមបំផ្លាញអ្វីដែលនៅសេសសល់ក្នុងប្រទេសអ៊ីរ៉ង់នៅឡើយ។ ស្ពាននឹងក្លាយជាគោលដៅ បន្ទាប់មករោងចក្រថាមពល" ។ ដូច្នេះ របបថ្មីនៅអ៊ីរ៉ង់ គួរតែដឹងពីអ្វីដែលត្រូវធ្វើបន្ទាប់ ហើយត្រូវតែធ្វើវាឲ្យ លឿន។
ឆ្លើយតបនឹងសំណេរ លោក ត្រាំ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រលះវិញថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងស្ពានដែលមិនទាន់រួចរាល់ មិនមែនមានន័យថាអ៊ីរ៉ង់ចុះចាញ់នោះទេ។
វាគ្រាន់តែបង្ហាញពីការបរាជ័យ និងការ ដួលរលំខាងសីលធម៌របស់សត្រូវដែលគ្មានសណ្តាប់ធ្នាប់ប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន Associated Press បានឲ្យដឹងថា ប្រជាជនអ៊ីរ៉ង់ចំនួន ៧លាននាក់ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលអាវុធសម្រាប់ប្រយុទ្ធជាមួយអាមេរិក តួលេខនេះត្រូវបានបញ្ជាក់ដោយ លោក Ghalibaf មន្ត្រីជាន់ខ្ពស់របស់ទីក្រុង Tehran។
ប៉ុន្តែជុំវិញការបញ្ជាក់ពីតួលេខរបស់មន្ត្រីជាន់ខ្ពស់ខាងលើ គេមិនច្បាស់ទេថាវាមានប្រភពមកពីណា ដោយហេតុថា ប្រជាជនអ៊ីរ៉ង់ត្រូវបានជំរុញឱ្យស្ម័គ្រចិត្តតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងយុទ្ធនាការផ្ញើសារជាអក្សរ។ ក្នុងនោះរដ្ឋាភិបាលក៏បានលើកទឹកចិត្ត អតីតទាហានឲ្យចូលរួមប្រយុទ្ធផងដែរ។
យ៉ាងណាក៏ដោយ លោក Mohammad Bagher Ghalibaf បានបង្អួតពីស្មារតីស្នេហាជាតិរបស់ប្រជាជនខ្លួនថា ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង យុទ្ធនាការជាតិដ៏មានឥទ្ធិពលមួយបានរីករាលដាលពាសពេញប្រទេស ដែលទាក់ទាញប្រជាជនអ៊ីរ៉ង់ប្រមាណ 7លាននាក់ឱ្យមកស្ម័គ្រចិត្ត ដោយពួកគេប្រកាសថា បានត្រៀមខ្លួនរួចហើយក្នុងការទទួលយកអាវុធដើម្បីការពារប្រទេស។
លោក Ghalibaf សង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនចង់មានសង្គ្រាមទេ ប៉ុន្តែក៏មិនបណ្ដោយឲ្យប្រទេសណាមួយធ្វើបាបបានដោយងាយដែរ។ ប្រសិនណាអ៊ីរ៉ង់រងការគំរាមកំហែង នោះប្រជាជនយើងទាំងអស់បានត្រៀមខ្លួនធ្វើជាទាហាន និងកាន់អាវុធតស៊ូដល់ទីបញ្ចប់៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





