2026-04-02 16:17
6

ធ្លាប់តែឮអាមេរិកបោះសម្ដីសម្លុត គម្រាម និងព្រមាន ទៅកាន់ទីក្រុងតេអេរ៉ង់ តែពេលនេះអ៊ីរ៉ង់ហ៊ានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយបើកឆាកប្រកាសស្រែកឲ្យ លោក ត្រាំ បានឮថា ខ្លួននឹងវាយប្រហារបំផ្លិចបំផ្លាញប្រឆាំងនឹងគោលដៅរបស់សហរដ្ឋអាមេរិក រួមទាំងអ៊ីស្រាអែល រហូតដល់ប្រទេសទាំងពីរនេះ សោកស្តាយ និងយល់ព្រមចុះចាញ់។

លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃទីបញ្ជាការកណ្តាល លោក Khatam al-Anbiya ដែលជា "ទីបញ្ជាការកំពូល" នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី០២ ខែមេសា នេះថា សង្រ្គាមនៅមជ្ឈិមបូព៌ានឹងបន្តរហូតដល់អាមេរិក និងអ៊ីស្រាអែល រងការអាម៉ាស់ និងស្ពាយការសោកស្ដាយជារៀងរហូត។ នេះបើតាមការចេញផ្សាយពី V.N. Express។

កំហឹងនៃការស្រែកសម្លុតនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបរបស់អ៊ីរ៉ង់ទៅកាន់អាមេរិក ក្រោយ លោក Donald Trump បាននិយាយនៅថ្ងៃទី1 ខែមេសាដោយបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនទីក្រុងតេអេរ៉ង់ឲ្យ "ត្រលប់ទៅយុគសម័យថ្ម" វិញក្នុងរយៈពេលតែពីរទៅបីសប្តាហ៍ខាងមុខប៉ុណ្ណោះ។ 

លោក ត្រាំ ក៏ឆ្លៀតចំអកបន្ថែមថា អ៊ីរ៉ង់មានឧបករណ៍បាញ់មីស៊ីល "តិចតួចណាស់" ដែលនៅសេសសល់ ហើយសមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ក្នុងការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកក៏មានកម្រិតផងដែរ។ 

ឆ្លើយតបវិញមិនចាំយូរ យោងតាម លោក Zolfaqari សេចក្តីថ្លែងការណ៍របស់លោក Trump បង្ហាញថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមិនបានវាយតម្លៃពេញលេញអំពីសមត្ថភាពយោធារបស់អ៊ីរ៉ង់នោះទេ។ 

មិនតែប៉ុណ្ណោះ អ្នកនាំពាក្យទីបញ្ជាការកណ្ដាលរូបនេះ ក៏បានច្រានចោលការអះអាងដែលថាមជ្ឈមណ្ឌលផលិតមីស៊ីល និងប្រព័ន្ធទំនើបៗរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញទៀតផង។

លោក Zolfaqari បានបោះសម្ដីឲ្យ លោក ត្រាំ នៅមិនស្ងប់ថា កុំគិតថាអ្នកបានបំផ្លាញមជ្ឈមណ្ឌលផលិតមីស៊ីលយុទ្ធសាស្ត្រ, យន្តហោះគ្មានមនុស្សបើកវាយប្រហាររយៈចម្ងាយឆ្ងាយ, ប្រព័ន្ធការពារដែនអាកាសទំនើប និងប្រព័ន្ធសង្គ្រាម រួមទាំងឧបករណ៍ពិសេសៗរបស់យើងបានគ្រប់ជ្រុងជ្រោយឲ្យសោះ ពីព្រោះការសន្មត់បែបនេះនឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ។

បន្ទាប់ពីការបញ្ជាក់ច្បាស់ៗបែបនេះពី លោក Zolfaqari អ្នកនាំពាក្យរបស់ទីបញ្ជាការកណ្តាល លោក Khatam al-Anbiya ក៏បានចេញមកបន្ទរពីក្រោយថា ការផលិតអាវុធយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់នៅតែបន្តនៅទីតាំងសម្ងាត់ ហើយវាក៏មានសមត្ថភាពហួសពីលទ្ធភាពដែលសត្រូវគ្រប់គ្រងបានដូចគ្នា៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា