2026-04-02 11:23
14

សង្គ្រាមនៅមជ្ឈិមបូព៌ាលើកនេះ មិនមែនប្រើតែកម្លាំងមួយមុខនោះទេ ពោលសង្គ្រាមពាក្យសម្ដីនិងនយោបាយ ក៏កំពុងដើរទន្ទឹមគ្នា និងផ្ចាញ់ផ្ចាលគ្នាទៅវិញទៅមកផងដែរ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានផ្ញើសារបើកចំហទៅកាន់ប្រជាជនអាមេរិក ដោយសួរថា តើជម្លោះនៅតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្ន ពិតជាធ្វើឲ្យ “អាមេរិកលេខ១” ពិតមែនឬទេ?

តាមការចេញផ្សាយពី V.N. Express នៅថ្ងៃទី០២ ខែមេសា លោក Pezeshkian បាននិយាយទៅប្រជាជនអាមេរិកថា៖ ការបង្ហាញទាំងនេះ គឺជាលទ្ធផលនៃគំនិតនយោបាយ និងសេដ្ឋកិច្ចរបស់អ្នកមានអំណាច ដែលចង់បង្កើត “សត្រូវ” ដើម្បីអះអាងការដាក់សម្ពាធ រក្សាអំណាចយោធា លើកស្ទួយឧស្សាហកម្មអាវុធ និងគ្រប់គ្រងទីផ្សារសំខាន់ៗ។

នៅក្នុងបរិយាកាសបែបនេះ ប្រសិនបើគ្មានគ្រោះថ្នាក់ ពួកគេក៏អាចបង្កើតវាឡើងផងដែរ។ លោក Pezeshkian បន្តបញ្ជាក់ថា ប្រជាជនអ៊ីរ៉ង់ មិនមានការស្អប់ចំពោះប្រជាជនប្រទេសផ្សេងៗទេ រួមទាំងអាមេរិក អឺរ៉ុប និងប្រទេសជិតខាងផងដែរ ប៉ុន្តែពួកគេនឹងតស៊ូយ៉ាងរឹងមាំ ប្រសិនបើមាននរណាមកវាយប្រហារមុន។ 

គោលបំណងនៃសារនេះ មេដឹកនាំអ៊ីរ៉ង់ហាក់កំពុងព្យាយាមនិយាយពន្យយល់ទៅកាន់ប្រជាជនអាមេរិកដោយផ្ទាល់ថា  អ៊ីរ៉ង់មិនមែនជាសត្រូវដូចដែលគេពិពណ៌នាទេ។

ហើយប្រជាជនអ៊ីរ៉ង់ក៏មិនចង់មានសង្គ្រាមជាមួយប្រជាជនអាមេរិកដែរ ប៉ុន្តែបើមានការវាយប្រហារបែបនេះពួកគេក៏មិននៅស្ងៀមដែរ។ 

លោក Pezeshkian ហាក់ចង់ដាស់តឿនប្រជាជនអាមេរិក និងឆ្លៀតឱកាសនេះប្រកាសឲ្យពិភពលោកបានដឹងថា “កុំជឿថាអ៊ីរ៉ង់អាក្រក់តាមអ្វីដែលអ្នកឮទាំងអស់ ហើយប្រជាជនអ៊ីរ៉ង់មិនស្អប់អ្នកទេ ប៉ុន្តែពួកគេនឹងតស៊ូបើមានការវាយប្រហារមកលើពួកគេមុន”។

ប្រធានាធិបតីអ៊ីរ៉ង់ បានលើកជាសំណួរឲ្យប្រជាជនអាមេរិកពិចារណាថា  តើសង្គ្រាមដែលអាមេរិក និងអ៊ីស្រាអែល បង្កើតឡើងដើម្បីប្រឆាំងអ៊ីរ៉ង់ ពិតជាបម្រើផលប្រយោជន៍របស់អ្នកណាឲ្យប្រាកដ? តើពាក្យ ‘អាមេរិកលេខ១’ ពិតជាជាអាទិភាពរបស់រដ្ឋាភិបាលអាមេរិកដែរឬទេ ទាំងដែលទីក្រុងវ៉ាស៊ីនតោន កំពុងជួយអ៊ីស្រាអែលក្នុងសង្គ្រាមបែបនេះ?

លោក Pezeshkian បង្វែរស្ថានការណ៍ដោយចោទអ៊ីស្រាអែលវិញថា ប្រទេសនេះកំពុងព្យាយាមបំភាន់ភ្នែកសាធារណៈអន្តរជាតិទាំងអស់ ពីបទល្មើសប្រឆាំងប្រជាជនប៉ាឡេស្ទីន មកជាបង្កើតសង្គ្រាមជាមួយអ៊ីរ៉ង់យ៉ាងព្រហើយទៅវិញ។

ជាសារចុងក្រោយប្រធានាធិបតីអ៊ីរ៉ង់ខាងលើបានអំពាវនាវថា៖ សូមអ្នកមើលឲ្យលើសពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមិនពិត ហើយព្យាយាមសួរអ្នកដែលធ្លាប់ទៅអ៊ីរ៉ង់។

សង្កេតមើលជនជាតិអ៊ីរ៉ង់ដែលជោគជ័យជាច្រើន ដែលបានសិក្សានៅអ៊ីរ៉ង់ បច្ចុប្បន្នពួកគេកំពុងបង្រៀន និងស្រាវជ្រាវនៅសាកលវិទ្យាល័យល្បីៗ ឬធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅប្រទេសខាងលិច។ តើភាពពិតទាំងនេះ ស្របជាមួយព័ត៌មានអវិជ្ជមានដែលអ្នកបានឮអំពីអ៊ីរ៉ង់ដែរឬទេ?

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា