មន្ត្រីជាន់ខ្ពស់ចិនម្នាក់ទៀតហើយ ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រព្រឹត្តអំពើពុករលួយ។
អតីតលេខាធិការបក្សនៅតំបន់ស៊ីនជាំង លោក ម៉ា ហ៊ឹងធ្វី ត្រូវបានស៊ើបអង្កេតពីបទសង្ស័យថា “រំលោភវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ” ដែលពាក្យនេះជាទូទៅចិនប្រើសម្រាប់សម្គាល់លើករណីអំពើពុករលួយ។
តាមប្រភពព័ត៌មានពីទីភ្នាក់ងារ ស៊ិនហួរ (Xinhua) នៅថ្ងៃទី៣ ខែមេសា បញ្ជាក់ថា លោក ម៉ា ហ៊ឹងធ្វី គឺជាសមាជិកទី៣ នៃក្រុមដឹកនាំចិន (អាណត្តិចាប់ពីឆ្នាំ ២០២២) ហើយ ដែលត្រូវបានស្ថិតក្រោមការស៊ើបអង្កេត នេះជារឿងកម្រខ្លាំងណាស់ និងមិនធ្លាប់មានទាល់តែសោះក្នុងប្រវត្ថិសាស្រ្តចិនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។
លោក ម៉ា ហ៊ឹងធ្វី ត្រូវបានគេចាត់ទុកថា ជាអ្នកវិទ្យាសាស្ត្រឈានមុខគេម្នាក់របស់ប្រទេសចិន។ លោកធ្លាប់កាន់តំណែងជាអនុប្រធានវិទ្យាស្ថានបច្ចេកវិទ្យា Harbin, អ្នកគ្រប់គ្រងទូទៅនៃសាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន, នាយករដ្ឋបាលអវកាសជាតិ និងជាអគ្គមេបញ្ជាការដែលដឹកនាំគម្រោង បញ្ជូនយានអវកាសដំបូងគេរបស់ប្រទេសចិន។
ក្រោយមក លោក ម៉ា ក៏បានប្រែក្លាយខ្លួនជាមន្ត្រីនយោបាយដែលមានតំណែងជា រដ្ឋមន្ត្រីរងឧស្សាហកម្ម, មេដឹកនាំទីក្រុងសិនជិន និងជាអភិបាលខេត្តក្វាងទុងផងដែរ។
គួរបញ្ជាក់ឲ្យដឹងថា នេះមិនមែនជាករណីទី១ទេ ដែលចិនចាប់ផ្ដើមប្រតិបត្តិការកំចាត់មន្ត្រីពុករលួយក្នុងជួរនយោបាយរបស់ខ្លួន។ ពោលមានមន្រ្តីជាច្រើនរូបទៀតដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ពីបទចោទលើករណីពុករលួយ និងអ្នកខ្លះទៀតត្រូវបានបណ្ដេញចេញពីតំណេងថែមទៀតផង។
មេដឹកនាំកំពូលចិន លោក ស៊ី ជិនភីង (Xi Jinping) បានចាប់ផ្តើមយុទ្ធនាការបោសសម្អាតអំពើពុករលួយចាប់តាំងពីឆ្នាំ ២០១២មកម្ល៉េះ ដោយលោកបានប្រកាសដាស់តឿនស្មារតីប្រជាជនខ្លួនថា ពុករលួយគឺជា “គ្រោះថ្នាក់ធំបំផុត” សម្រាប់បក្សកុម្មុយនិស្តចិន៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





