វិនាទីចុងក្រោយដែលត្រូវរាប់ថយក្រោយសម្រាប់អ៊ីរ៉ង់ ពេលនេះត្រូវផ្អាកវិញជាបន្ទាន់។ មុនឱសានវាទរបស់ លោក ត្រាំ ជិតផុតកំណត់ អ៊ីរ៉ង់ បានចេញមកប្រកាសថា យោធារបស់ខ្លួននឹងសម្របសម្រួលឲ្យនាវាអាចឆ្លងកាត់ច្រកសមុទ្រ Hormuz វិញបាន។
តាមការចេញផ្សាយពី CNN នៅព្រឹកថ្ងៃទី៨ មេសា នេះបានរាយការណ៍ថា អាមេរិកបានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្ដាហ៍ជាមួយអ៊ីរ៉ង់ ហើយប្រធានាធិបតី លោក ដូណាល់ ត្រាំ ក៏បានទទួលលក្ខខណ្ឌ ១០ចំណុចដែលទីក្រុងតេអេរ៉ង់បានដាក់ស្នើដែរ ដោយលោកគិតថាលក្ខខណ្ឌទាំងនេះនឹងអាចអនុវត្តបាន អំឡុងពេលបើកតុចរចាជាមួយគ្នា។
តាមរយៈសំណេរដែលបានបង្ហោះលើបណ្តាញសង្គមផ្លូវការ លោក ត្រាំ បញ្ជាក់ថា៖ «ខ្ញុំយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលពីរសប្តាហ៍។ នេះនឹងក្លាយជា បទឈប់បាញ់ ពីភាគីទាំងសងខាង! កិច្ចព្រមព្រៀងនេះគឺផ្អែកលើការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif និងសេនាប្រមុខ Asim Munir។»
តាមរយៈ CNN ដដែលបន្ថែមថា ស្របគ្នានឹងការយល់ព្រមពីភាគីអាមេរិក ទីក្រុងតេអេរ៉ង់បានអះអាងថា ខ្លួនបានឈ្នះហើយ និងបានប្រកាសថា អ៊ីរ៉ង់បានបង្ខំអាមេរិកឱ្យទទួលយកផែនការ ១០ចំណុចរបស់ខ្លួនថែមទៀតផង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់។
តាមការដកស្រង់ប្រភពពី Gulf Business បានលម្អិតថា ផែនការ១០ចំណុចរបស់អ៊ីរ៉ង់ ទៅកាន់អាមេរិកមានដូចជា៖
១. ធានាថាអ៊ីរ៉ង់នឹងមិនរងការវាយប្រហារទៀតទេ។
២. ការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍ មិនមែនត្រឹមជាបទឈប់បាញ់ទេ។
៣. បញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់។
៤. ការដកទណ្ឌកម្មរបស់អាមេរិកទាំងអស់លើអ៊ីរ៉ង់។
៥. បញ្ចប់ការប្រយុទ្ធក្នុងតំបន់ទាំងអស់ប្រឆាំងនឹងសម្ព័ន្ធមិត្តអ៊ីរ៉ង់។
៦. អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។
៧. អ៊ីរ៉ង់នឹងយកថ្លៃសេវា២លានដុល្លារក្នុងមួយនាវាឆ្លងកាត់ Hormuz។
៨. អ៊ីរ៉ង់នឹងបែងចែកថ្លៃសេវាទាំងនេះជាមួយអូម៉ង់។
៩. អ៊ីរ៉ង់នឹងបង្កើតច្បាប់សម្រាប់ការឆ្លងកាត់ហ័រមូស ប្រកបដោយសុវត្ថិភាព។
១០. អ៊ីរ៉ង់នឹងប្រើប្រាស់ថ្លៃ Hormuz សម្រាប់ការកសាងឡើងវិញ ជំនួសការសងសំណង។
ពេលនេះទ្វារនរកលែងបើកចំហរទៀតហើយ រង់ចាំមើលថា តើបទឈប់បាញ់នេះនឹងទាញភាគីអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ឲ្យឈានដល់ការបញញចប់សង្គ្រាមជាអចិន្ត្រៃយ៍ដែរឬទេ?
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





