ត្រឹមបទឈប់បាញ់ ២សប្ដាហ៍ក៏ពិតមែ តែមិនមែនមានន័យថាសង្គ្រាមនៅមជ្ឈិមបូព៌ាបានបញ្ចប់ជាស្ថាពរទេ។ យ៉ាងណាក៏ដោយ ពិភពលោកក៏បានស្ងប់មួយរយៈដែរ រីឯវិបត្តិប្រេងសកលក៏នឹងមានភាពធូរស្រាលឡើងវិញដូចគ្នា។
តាមការចេញផ្សាយពី CNN នៅថ្ងៃទី៨ មេសានេះបានឲ្យដឹងថា បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ យល់ព្រមលើបទឈប់បាញ់រយៈពេល២សប្ដាហ៍ វិបត្តិប្រេងសកលក៏ចាប់ផ្ដើមធ្លាក់តម្លៃភ្លាមៗ។ ចំណែកអ៊ីស្រាអែលក៏យល់ព្រមលើកិច្ចព្រមព្រៀងនេះដូចគ្នា។
រីឯប្រភពពី New York Post វិញបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុងតេអេរ៉ង់នឹងអនុញ្ញាតឱ្យនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz សម្រាប់រយៈពេលពីរសប្តាហ៍ ក្រោមការគ្រប់គ្រងយោធារបស់អ៊ីរ៉ង់។
លក្ខខណ្ឌនេះ គឺជាគន្លឹះនៃបទឈប់បាញ់រយៈពេលពីរសប្តាហ៍របស់ លោក Trump ។
លោក Araghchi បន្តដោយបង្ការទុកមុនថា ទោះបីជាពេលនេះអ៊ីរ៉ង់ព្រមបើកច្រក Hormuz វិញក៏ពិតមែន ប៉ុន្តែប្រសិនបើមានការការវាយប្រហារណាមួយបានកើតឡើងប្រឆាំងនឹងអ៊ីរ៉ង់ នោះច្រកសមុទ្រក៏ត្រូវបិទវិញដូចគ្នា ហើយទីក្រុងតេអេរ៉ង់នឹងបញ្ឈប់រាល់ប្រតិបត្តិការការពាររបស់ពួកគេលើនាវាទាំងអស់។
ទោះជាស្ថានការណ៍មើលទៅហាក់ដូចទទួលបានផ្លែផ្កាក្ដី តែតាមក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បានបង្ហាញភាពស្ទាក់ស្ទើរថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះមើលទៅវាស្មើនឹងការមិនទាន់ទទួលបានសន្តិភាពពេញលេញទេ។
ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ខាងលើបន្តដោយសង្កត់ធ្ងន់ថា នេះមិនមែនជាសញ្ញានៃការបញ្ចប់សង្រ្គាមនោះទេព្រោះប្រសិនបើមានកំហុសតិចតួចបំផុតត្រូវបានប្រព្រឹត្តដោយសត្រូវ នោះវានឹងត្រូវបានបំពេញដោយកម្លាំងជំនួសវិញ។
យ៉ាងណាក៏ដោយ ត្រឡប់មើលពីសន្ទុះតម្លៃប្រេងពិភពលោកវិញ ក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះនៃការប្រកាសបទឈប់បាញ់របស់លោក Trump ថ្លៃប្រេងសកលក៏បានធ្លាក់ចុះត្រឹមមួយរំពេច ដោយតម្លៃប្រេងឆៅ ដែលលជាស្តង់ដារអន្តរជាតិបានធ្លាក់ចុះដល់ 14% ឯណោះ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





