2026-04-25 22:03
27

ក្រចេះ៖ ប្រធានសន្តិសុខការពារដីក្រុមហ៊ុនចិន ហ្គេតវ៉ននើ អេហ្គ្រីខលឈើវ័ល ឌីវីទ្យុមមេន (ខេមបូឌា) លីមីតធីត និងបក្ខពួក ចំនួន ០៥ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកអូរគ្រៀងសែនជ័យ ឃាត់ខ្លួននាំមកសាកសួរតាមនិតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តក្រចេះ ដើម្បីចាត់ការតាមច្បាប់។

អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស របស់អធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានបំភ្លឺថា ពាក់ព័ន្ធនឹងករណី facebook Page ឃ្លីបវីដេអូរ និងមានខ្លឹមសារថា៖ «វីដេអូរប្រជាពលរដ្ឋផ្ញើរឲ្យសន្តិសុខក្រុមហ៊ុនចិនបាញ់ពលរដ្ឋ ហេតុការកើតនៅភូមិរលួស ឃុំរលួស ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ»

ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ បានបំភ្លឺថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង២០នាទី បុគ្គលិកដែលជាសន្តិសុខរបស់ ក្រុមហ៊ុន ហ្គេតវ៉ននើ អេហ្គ្រីខលឈើវ័ល ឌីវីទ្យុមមេន (ខេមបូឌា) លីមីតធីត ចំនួន ៥ នាក់ បានចុះល្បាតក្នុងភូមិសាស្ត្របរិវេណដីក្រុមហ៊ុន នៅចំណុច ចំណបរកា ភូមិទោង ឃុំរលួសមានជ័យ ស្រុកអូរ គ្រឿងសែនជ័យ ខេត្តក្រចេះ ដែលមានឈ្មោះ រ.ឌ ភេទប្រុស អាយុ៥៩ឆ្នាំ ជាប្រធានក្រុមសន្តិសុខ។ នៅពេលក្រុមសន្តិសុខទាំងនេះបានដើរល្បាត ក៏បានជួបជាមួយនឹងក្រុមប្រជាពលរដ្ឋដែលកំពុងធ្វើសកម្មភាពប្រើប្រាស់រណាយន្តកាត់កូនឈើនៅចំណុចកើតហេតុខាងលើ។

បន្ទាប់ពីបានឃើញក្រុមប្រជាពលរដ្ឋធ្វើសកម្មភាពកាត់កូនឈើ ឈ្មោះ រ.ខ ប្រធានសន្តិសុខឈាមដីឱ្យក្រុមហ៊ុនចិនបានធ្វើការហាមឃាត់ឲ្យបញ្ឈប់សកម្មភាព និងបានអះអាងប្រាប់ប្រជាពលរដ្ឋថា ពួកគាត់កំពុងធ្វើសកម្មភាពកាត់កូនឈើ នៅក្នុងភូមិសាស្ត្ររបស់ក្រុមហ៊ុន។ ក្រោយមកក៏មានការឈ្លោះប្រកែកគ្នាដោយពាក្យសម្ដីទៅវិញទៅមក រហូតឈានដល់ការប្រើប្រាស់ឧបករណ៍ឆក់បាញ់ទៅលើប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសស្រាល ចំនួន ១ នាក់។

ក្រោយទទួលបានព័ត៌មានភ្លាមៗនោះកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសមានជ័យ សហការជាមួយអាជ្ញាធរភូមិ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការឃាត់ខ្លួន ក្រុមសន្តិសុខ ចំនួន ០៥ នាក់ យកមកអធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ សាកសួរបភ្លឺព័ត៌មាន និងកសាងសំណុំ រឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីបន្តនីតិវិធី៕