2026-04-27 13:54
20

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានប្រគល់រថយន្តដឹកសំរាមបន្ថែម ចំនួន ១០ គ្រឿង ដល់ក្រសួងបរិស្ថានកម្ពុជា ដែលជាជំនួយលើកទី៣ ធ្វើឱ្យចំនួនសរុបរថយន្តជំនួយពីជប៉ុនកើនដល់ ៣០ គ្រឿង សម្រាប់គាំទ្រការគ្រប់គ្រងសំរាមនៅកម្ពុជា។

ពិធីប្រគល់នេះ បានធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយ លោក Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រចាំកម្ពុជា តំណាងភាគីជប៉ុន ប្រគល់ជូនលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងន័យបន្តពង្រឹងកិច្ចសហប្រតិបត្តិការបរិស្ថានរវាងប្រទេសទាំងពីរ។ 

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនចំពោះការគាំទ្រជាបន្តបន្ទាប់ និងបានថ្លែងចាត់ទុកថាជំនួយនេះចូលរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងសមត្ថភា ពគ្រប់គ្រងកាកសំណល់នៅថ្នាក់ក្រោមជាតិ។ រថយន្តដឹកសំរាមត្រូវបានបែងចែកបន្តបន្ទាប់ទៅអាជ្ញាធរខេត្ត ភ្លាមៗ ដែលបានជួយជំរុញឱ្យរដ្ឋបាលមូលដ្ឋានបង្កើនសេវាប្រមូល និងទុកដាក់សំរាមនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានល្អប្រសើរ។ 

លោករដ្ឋមន្រ្តី បានមានប្រសាសន៍សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ បានគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់កម្ពុជា ដែលមានគោលបំណងលើកកម្ពស់ «ស្អាត បៃតង និងចីរភាព»​ របស់ប្រទេសកម្ពុជា ជាពិសេសប្រព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យមានភាពប្រសើរឡើង និងពិតជាមានសារៈសំខាន់ក្នុងការសម្រេចបាន នូវគោលដៅបរិស្ថានរយៈពេលវែង។ ឯកឧត្តមបានលើកទឹកចិត្តដល់អាជ្ញាធរខេត្តឱ្យថែរក្សាយានយន្តឱ្យបានត្រឹមត្រូវ និងធានាបាននូវការប្រើប្រាស់ប្រកបដោយប្រ​សិទ្ធភាព។ 

លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យបន្តអនុវត្តយុទ្ធនាការដែលបានដាក់ចេញ ដោយក្រសួងបរិស្ថានជាបន្តទៀត និងធ្វើការអំពាវនាវឱ្យកិច្ចខិតខំប្រឹងប្រែង ប្រែក្លាយពីយុទ្ធនាការទាំងនេះដើម្បីវិវត្តទៅជាចលនាសង្គម និងទម្លាប់ប្រចាំថ្ងៃយូរអង្វែងក្នុងចំណោមប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តបានណែនាំដល់មន្ទីរបរិស្ថានរាជធានី-ខេត្ត ត្រូវបន្តអនុវត្តវិធីសាស្រ្តប្រ កបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាការបំពុល ខ្យល់ ដី និងទឹក។ 

លោកបានថ្លែងព្រមានជាថ្មី ដល់ប្រតិបត្តិករប្រមូលសំរាមដែលដុតសំរាម ឬអនុញ្ញាតឱ្យមានភ្លើងឆេះ នៅកន្លែងចាក់សំរាមនឹងប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងតឹងរ៉ឹង រួមទាំងការដកហូតអាជ្ញាប័ណ្ណរបស់ពួកគេ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមទៀតលើការទទួលខុសត្រូវ និងស្នើឱ្យអាជ្ញាធរសហការចូលរួម កំណត់អត្តសញ្ញាណ និងធ្វើសកម្មភាពទប់ស្កាត់លើប្រភពនៃការបំពុល ឱ្យបានឆាប់រហ័សកុំបង្អង់យូរ។ 

ប្រសិនបើមានការបំពុលកើតឡើង មន្ទីរបរិស្ថាន ត្រូវតែស្វែងរកប្រភពបំពុល និងចាត់វិធានការ ដោយលោករដ្ឋមន្រ្តីបានថ្លែងព្រមានដល់មន្រ្តីបរិស្ថាន ដែលមិនមានការទទួលខុសត្រូវ និងរកប្រភពបំពុលមិនឃើញ ហើយនិយាយថាប្រភពមិនអាចកំណត់អត្តសញ្ញាណបាន ក្នុងករណីមានការបំពុល មន្រ្តីទាំងនោះគួរតែចុះចេញពីតំណែង។ 

លោកបានថ្លែបន្ថែមថា វិធានការទាំងនេះឆ្លុះបញ្ចាំងពី មន្ត្រីដែលមិនបំពេញកាតព្វកិច្ចរបស់ពួកគេ និងការជំរុញដ៏ទូលំទូលាយរបស់កម្ពុជាក្នុងការពង្រឹងអភិបាលកិច្ចបរិស្ថាន កែលម្អប្រព័ន្ធគ្រប់គ្រងសំរាម និងឈានទៅរកអនាគតដ៏ស្អាត និងមាននិរន្តរភាពជាងមុន៕