2026-04-27 14:49
5

ក្រោយអាមេរិកបង្ហាញការព្រងើយកន្តើយលែងចង់ចរចា អ៊ីរ៉ង់ចាប់ផ្ដើមចេញមុខលួងលោមទីក្រុងវ៉ាស៊ីនតោនវិញម្ដង។ 

យោងតាមទីភ្នាក់ងារសារព័ត៌មានអាមេរិក Axios និងទូរទស្សន៍លីបង់ Al Mayadeen បានរាយការណ៍នៅថ្ងៃទី26 ខែមេសាថា ទីក្រុងតេអេរ៉ង់បានផ្ញើសារទៅកាន់សហរដ្ឋអាមេរិកតាមរយៈប៉ាគីស្ថាន ដោយបញ្ជាក់ថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចង់បន្តការចរចាប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរត្រូវឆ្លងកាត់បីដំណាក់កាលជាមុនសិន។ 

ដំណាក់កាលទី១ ពាក់ព័ន្ធនឹងការបញ្ឈប់ទាំងស្រុងនូវអរិភាព និងធានាថាគ្មានការផ្ទុះ ជម្លោះជាថ្មី ដែលផ្តោតគោលដៅលើប្រទេសអ៊ីរ៉ង់ និងលីបង់។

ប្រសិនបើការទាមទារដំណាក់កាលទី១ ទទួលជោគជ័យ ភាគីទាំងពីរនឹងឈានទៅដំណាក់កាលទី២ ដោយពិភាក្សាអំពីការគ្រប់គ្រង និងប្រតិបត្តិការនៃច្រកសមុទ្រ Hormuz ។ 

ហើយបើសិនក្នុងដំណាក់កាលនេះ ដំណើរការល្អទៀត នោះក្នុងដំណាក់កាលទី៣ អ៊ីរ៉ង់នឹងព្រមពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរ ដូចដែលអាមេរិកចង់បាន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales បានចេញមុខឆ្លើយតបទីក្រុងតេអេរ៉ង់ វិញថា ចំពោះសំណើរនេះកំពុងក្លាយជាចំណុចរសើបខ្លាំងក្នុងការពិភាក្សាផ្នែកការទូត អាមេរិក “នឹងមិនចរចាតាមរយៈសារព័ត៌មានទេ”។ 

លោកស្រីបន្ថែមថា ដូចដែល លោក ត្រាំ ធ្លាប់បានប្រកាសហើយ អាមេរិកកំពុងមានអាទិភាពខ្ពស់លើស្ថានការណ៍បច្ចុប្បន្ន ដូច្នេះទីក្រុងវ៉ាស៊ីនតោននឹងទទួលយកតែការព្រមព្រៀងណា ដែលផ្តល់អាទិភាពដល់ផលប្រយោជន៍ប្រជាជនអាមេរិក និងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់កាន់កាប់អាវុធនុយក្លេអ៊ែរដាច់ខាត។ 

គួរបញ្ជាក់ថា ព័ត៌មានអំពីដំណើរការចរចាបីដំណាក់កាលបានលេចឡើងបន្ទាប់ពីការចរចាជុំទីពីររវាងអាមេរិកនិងអ៊ីរ៉ង់នៅប៉ាគីស្ថានបានបរាជ័យ។ 

ក្នុងនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថានចំនួនពីរដង ប៉ុន្តែលោកបដិសេធមិនចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនទេ។ 

ជាការឆ្លើយតប លោក Trump ប្រកាសថា លោកនឹងមិនបញ្ជូនបេសកជនអាមេរិកទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ទៀតទេ ហើយបើចង់ចរចាត្រូវធ្វើឡើងតាមរយៈការហៅទូរស័ព្ទវិញ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា