2026-05-03 12:29
12

ភ្នំពេញ៖ ក្នុងយុទ្ធនាការដ៏ក្ដៅគគុក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបង្ខំឱ្យជនបរទេស ចំនួន ២,៦៧១នាក់ (ស្រី ៥៨៥នាក់) ចេញពីកម្ពុជា។

ជនបរទេសដែលត្រូវបានបណ្ដេញចេញមាន ២៩ សញ្ជាតិ ផ្សេងៗគ្នា រួមមានសញ្ជាតិ៖ ចិន, ថៃ, វៀតណាម, ឥណ្ឌូនេស៊ី, អាមេរិក, កូរ៉េ, រុស្ស៊ី, ម៉ាឡេស៊ី និងបណ្តាប្រទេសមកពីតំបន់អាហ្វ្រិក និងអឺរ៉ុបជាច្រើនទៀត។

យោងតាមរបាយការណ៍ ក្នុងចំណោមជនបរទេសទាំងនោះ មានករណីច្រើនជាងគេ គឺជនជាតិថៃ ៦៣៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាម ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ 

ជនជាតិចិន ៣០៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាម អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ជនបរទេសទាំងនោះ ក៏មានពាក់ព័ន្ធបទល្មើសមួយចំនួនទៀត ដូចជា ការលួចឆ្លងដែនខុសច្បាប់, បន្លំឯកសារ និង QR Code ទិដ្ឋាការ, ចាប់ជំរិតទារប្រាក់, ការស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាម អាកាសយានដ្ឋានអន្តរជាតិតេជោ។

វិធានការនេះធ្វើឡើងក្រោមការដឹកនាំដោយផ្ទាល់ របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងការបញ្ជាផ្ទាល់ពី អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគោលបំណង លុបបំបាត់ការឆបោកតាមអនឡាញដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ដើម្បីធានាថាព្រះរាជាណាចក្រកម្ពុជា មិនមែនជាជម្រករបស់ក្រុមឧក្រិដ្ឋជន ឬមេខ្លោងឆបោកឡើយ។

ចំពោះជនរងគ្រោះក្នុងអំពើបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមកធ្វើការខុសច្បាប់ទទួលបានប្រាក់ខែខ្ពស់ ត្រូវបានសមត្ថកិច្ចរៀបចំបំពេញឯកសារតាមច្បាប់បញ្ជួនពួកគេឱ្យវិលត្រឡប់ទៅមាតុភូមិកំណើតវិញ។

នេះគឺជាសញ្ញាព្រមានមួយយ៉ាងខ្លាំងក្លាទៅកាន់ជនបរទេសទាំងឡាយណាដែលបម្រុងនឹងមកស្នាក់នៅ ឬប្រកបរបរខុសច្បាប់នៅក្នុងប្រទេសកម្ពុជាថា សមត្ថកិច្ចនឹងមិនមានការលើកលែងឡើយ៕