កណ្តាល៖ ក្រុមក្មេងទំនើងដែលបង្កអសន្តិសុខក្នុងសង្គម ចំនួន ៣នាក់ ដែលមានរហ័សនាមក្រុមថា «Moon កែង»ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងជំនាញខេត្ត បើកការស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីលុបបំបាត់សកម្មភាពក្មេងទំនើងក្នុងមូលដ្ឋាន។
សមត្ថកិច្ចបានឱ្យដឹងថា ករណីហិង្សា និងការកាប់បំផ្លាញម៉ូតូជនរងគ្រោះនេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០០ នាទីយប់ នៅចំណុច ខាងក្រោយសាលារៀនសុវណ្ណភូមិ ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ទី១. ឈ្មោះ ឃុន ខុនគីមូន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ។ ២. ឈ្មោះ បែន ចេស្តា ហៅ នាថ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិតាងួន សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទី៣. ឈ្មោះ ង្វៀង យ៉ាំងលឿង ហៅ ជា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ សិស្ស ស្នាក់នៅភូមិតាខ្មៅ២។
ក្រោយការឃាត់ខ្លួន និងសាកសួររួច បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់។
ដោយឡែក ចំពោះបក្ខពួកផ្សេងទៀតដែលកំពុងរត់គេចខ្លួន កម្លាំងជំនាញកំពុងដុតដៃដុតជើងបន្តការស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីនាំខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ឱ្យបានឆាប់រហ័សបំផុត៕








