2023-08-18 12:08
125

 

ខេត្តប៉ៃលិន៖ ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ស្រុកសាលាក្រៅបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង០៣និង០៥នាទី ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣រវាងរថយន្តនឹងម៉ូតូ នៅចំណុចផ្សារតាប៉ាចស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់ម្នាក់និងខូចខាតម៉ូតូ ០១គ្រឿងកម្រិតស្រាល។

បើតាមប្រភពពីមហាជនបានផ្ដល់ព័ត៌មានមកសមត្តកិច្ចជំនាញថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងបើកបរក្នុងល្បឿនលឿនពីលិចទៅកើត ស្រាប់តែរេចង្កូតទៅកៀរស្ត្រីម្នាក់កំពុងតែបើកបរម៉ូតូពីកើតទៅលិច បណ្ដាលឱ្យស្ត្រីរូបនោះដួលរងរបួសធ្ងន់។

 ក្រោយកើតហេតុសមត្តកិច្ចជំនាញបានមកវាស់វែង រួចក៏មានរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនមកដឹកជនរងគ្រោះយកទៅសង្គ្រោះ។

 ស្ត្រីរងគ្រោះដែលបើកបរម៉ូតូឈ្មោះ សួន ស្រីម៉ៅ  អាយុ២៨ឆ្នាំ(មុខរបរអាជីវករ) រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 1C.5469 (រងរបួសធ្ងន់)។
រីឯអ្នកបើកបររថយន្ដជាជនជាតិចិនឈ្មោះ ZHAO YU ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅបណ្ដោះអាសន្ននៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាន់លិខិតឆ្លងដែនលេខ  E35558022 បើកបររថយន្ដម៉ាកអូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S.8285 ។

សមត្ថកិច្ចជំនាញនៃចរាចរណ៍ស្រុកសាលាក្រៅបានបន្តថា ករណីនេះមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នម៉ូតូនិងរថយន្តខាងលើត្រូវបានកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋានស្រុកសាលាក្រៅដឹកយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕