
បាត់ដំបង៖ អ្នកបើករ៉ឺម៉កដឹកប្រេងម៉ាស៊ូតម្នាក់ ត្រូវបានជនសង្ស័យធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកកាបូបដាក់លុយ ខណៈពេលដឹកប្រេងម៉ាស៊ូតទៅម៉ូយដែលបានទិញពីគាត់ នៅចំណុច ទួលទ្រា (ផ្លូវគ្រួសក្រហម) ក្នុងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។
ជនរងគ្រោះឈ្មោះ គឿន ភារ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ បានបញ្ជាក់ថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូរ៉ឺម៉កដឹកប្រេងម៉ាសូតទៅអោយម៉ូតនៅឯស្រែ លុះត្រឡប់វិញដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែជនសង្ស័យប្រដាប់ដោយកាំបិត បានហក់មកទាញកាបូបលុយដែលគាត់ស្ពាយនៅចំហៀងខ្លួន លុះដណ្តើមមិនបានសម្រេចជនសង្ស័យបានធ្វើការកាប់ទៅលើជនរងគ្រោះតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវអាជ្ញាធរភូមិព្រមទាំងក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងភ្លាមៗ។
ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពបានរត់គេចខ្លួនបាត់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ បានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឃាត់ខ្លួនឈ្មោះ ឌឹម សន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា និងជាមនុស្សប្រើប្រាស់គ្រឿងញៀន និងដកហូតវត្ថុតាងកាំបិតដែលធ្វើសកម្មភាព ០១ដើម។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបន្តនីតិវិធីតាមច្បាប់៕