
(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែឧសភានេះ គឺជាថ្ងៃសេរីជ័យមង្គល កីឡាករកូនកាត់ខ្មែរ-អាមេរិក ថេឡូរ នីកូឡាស់ ឌឿ ឬ Nick Taylor ម្ចាស់អាវលេខ១១ ខ្សែបម្រើប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិកម្ពុជា និងក្លិបព្រះខ័នរាជស្វាយរៀង ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយតារាចម្រៀងស្រីដ៏ល្បី រ៉ាប៊ី (Rabee) ស្របពេលក្រុមរបស់ខ្លួន កំពុងត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 ទល់នឹងក្លិប FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន នាវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្រាប់ថ្ងៃមង្គលរបស់កីឡាករកូនកាត់ ជាមួយម្ចាស់បទ «មាន់ស្រែ» នេះ ដ្បិត ថេឡូរ នីកូឡាស់ ឌឿ ត្រូវបានគេរំពឹងមានភាគរយតិច ក្នុងការជួយក្រុមសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ីខាងលើ តែអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ក៏ដូចជាក្នុងវិស័យសិល្បៈ បានសម្ដែងនូវការអបអរសាទរ និងជូនពរអ្នកទាំងពីរយ៉ាងផុសផុលលើបណ្ដាញសង្គម ខណៈនៅព្រឹកថ្ងៃសុក្រនេះ គេក៏ឃើញវត្តមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងលោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ក៏បានចូលរួមថ្ងៃជ័យមង្គលនេះផងដែរ។
គួរដឹងថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្លិប FK Arkdaga នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែឧសភាស្អែក ដើម្បីប្រជែងជើងឯកពានរង្វាន់ AFC Challenge League 2024/25 ចំពោះមុខអ្នកគាំទ្រជាង ៥ម៉ឺននាក់ ដែលបានទិញសំបុត្រចូលទស្សនាការប្រកួតដ៏អស្ចារ្យនេះ ។ ការប្រកួតដែលធ្វើឡើងតែ ១ជើង ដើម្បីកាត់សេចក្ដីរកម្ចាស់ពាននេះ ប្រសិនស្មើគ្នាក្នុងម៉ោងធម្មតា (៩០នាទី) នឹងត្រូវបន្ថែម ១៥នាទី ២ដង ខណៈបើបន្ដស្មើ នឹងត្រូវកាត់សេចក្ដី ដោយការទាត់បាល់ប៉េណាល់ទី៕


