2025-05-09 21:45
53

ភ្នំពេញ៖ ករណីលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតស្នងការរងនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ជាកូនបំណុលប្ដឹងស្ត្រីម្ចាស់បំណុលទៅតុលាការពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណីនោះ ពេលនេះត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន និងកំពុងបន្តនិតិវិធីក្នុងការសាកសួរ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ជាមន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋានគរបាលជាតិ អតីតស្នងការរងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នត្រូវបានផ្ទេរភារកិច្ចឱ្យបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទងត្រូវបាន ACU ឃាត់ខ្លួនកាលល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។

លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល បានប្ដឹងស្ត្រីឈ្មោះ ចិន ស្រីដា ដែលអ្នកជំនួញអនឡាញ និងអ្នកចងការប្រាក់ មានទីលំនៅក្រុង-ខេត្តសៀមរាប  ទៅកាន់ស្ថាបនតុលាការខេត្តសៀមរាប ក្នុងសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណី ក្រោយស្ត្រីជាម្ចាស់បំណុលប្រើប្រាស់គណនីហ្វេសបុកឆាតគំរាមទាលុយដែលលោកឧត្តមសេនីយ៍ជំនាក់ថា «បង្ហោះហ្វេសប៊ុកជាសាធារណៈ និងឱ្យកាសែតចុះផ្សាយ ប្រសិនបើមិនសងប្រាក់»

ក្រោយរងបណ្តឹងរបស់លោកផ្កាយ១ សម្បត្តិ កុសល ស្ត្រីម្ចាស់បំណុលឈ្មោះ ចិន ស្រីដា ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តសៀមរាប សម្រេចដាក់ពន្ធនាគារកំណត់រយៈពេល ២ (ពីរ)ឆ្នាំ ពីបទ៖ «គំរាមកំហែងហែកកេរ្តិ៍» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងអំឡុងឆ្នាំខែមីនា ឆ្នាំ២០២៤។   

សំណុំរឿងនេះ ត្រូវបានស្ត្រីជាចុងបណ្តើងបន្តប្ដឹងផ្ដល់ដល់សាលាឧទ្ធរណ៍បាត់ដំបង ហើយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការដដែល ប៉ុន្តែទោសនេះ ត្រូវអនុវត្តលើឈ្មោះ ចិន ស្រីដា ក្នុងពន្ធនាគារត្រឹមរយៈពេលឃុំខ្លួនបណ្តោះអាសន្ន ទោសសល់ពីនេះ ត្រូវអនុវត្តការព្យួរទោសធម្មតា៕