2025-05-10 00:24
75

កំពង់ស្ពឺ៖ កាន់តែក្តៅហើយ! ករណី មន្ទីរពេទ្យ​ឯកជន យីហោ «ខេអេស កំពង់ស្ពឺ» បានទទួលព្យាបាលអ្នកជំងឺម្នាក់ មានឈ្មោះ សារ៉ាន់ ធីតាពិសី អាយុ១៦ឆ្នាំស្លាប់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជា​ឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវ និងស៊ើបអង្កេត ខណៈម្ចាស់មន្ទីរពេទ្យបំភ្លឺថា៖ «ការព្យាបាលនេះ ក្រុមគ្រួសារក្មេងស្រីដែលស្លាប់បានធ្វើកិច្ចសន្យាព្រមព្រៀងទទួលការព្យាបាលករណីជំងឺធ្ងន់ និងបដិសេធមិនបញ្ជូនកូនទៅព្យា​បាលក្នុងមន្ទីរពេទ្យថ្នាក់ជាតិនៅរាជធានីភ្នំពេញ។

តាមប្រភពគួរឱ្យទុកចិត្តបានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នេះថា ក្រោយទទួលបានព័ត៌មាន ពាក្យបណ្តឹងរបស់អាណាព្យាបាលនៃសព និងមានការចុះផ្សាយព្រោងព្រាតតាមបណ្តាញសារព័ត៌មានមួយចំនួន តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាឲ្យសមត្ថកិច្ច និងមន្រ្តីជំនាញចុះទៅពិនិត្យ និងស្រាវ​ជ្រា​វ​​បន្ទាន់នៅមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ដោយផ្ទាល់ ដើម្បីប្រមូលព័ត៌មាន និងភស្តុតាងផ្សេងៗពាក់ព័ន្ធករណីព្យាបាលបណ្តាលឱ្យអ្នកជំងឺស្លាប់នេះ។

តាមការបំភ្លឺរបស់មន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំ​ផុត ជាមួយនឹងក្រុមគ្រួសារសព របស់ក្មួយស្រីឈ្មោះ សារ៉ាន់ ធីតាពិសី និង សូមវិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ 

មន្ទីរពេទ្យ ខេអេស កំពង់ស្ពឺ បានបកស្រាយថា៖ ករណីក្មួយស្រីឈ្មោះ សារ៉ាន់ ធីតាពិសី ភេទស្រី អាយុ ១៦ឆ្នាំ ដែលមានអាសយដ្ឋាននៅបុរី ឈុន ទីន ភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១២និង២០នាទីរសៀល ដោយមូលហេតុ ហត់ខ្លាំង ក្រោយពីគាត់ មានអាការៈ ក្តៅខ្លួន និងណែនទ្រូង រយៈពេល៣ថ្ងៃកន្លងមក។ 

ក្រោយពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ ខេអេស កំពង់ស្ពឺ បានពិនិត្យ និងវាយតម្លៃឃើញថា «ក្មួយស្រីមានស្ថានភាពធ្ងន់ធ្ងរ» ខាងក្រុមគ្រូពេទ្យបានធ្វើការពន្យល់ដល់ក្រុមគ្រួសារក្មួយស្រីអំពីស្ថានភាពធ្ងន់ធ្ងរនេះ ដែលអាចមានគ្រោះ​ថ្នាក់គ្រប់ពេល។ ក្រុមគ្រូពេទ្យបានណែនាំក្រុមគ្រួសារក្នុងការបញ្ជូនក្មួយស្រីទៅព្យាបាលបន្តនៅមន្ទីរពេទ្យថ្នាក់ជាតិនៅឯភ្នំពេញ។ ប៉ុន្តែក្រុមគ្រួសាររបស់ក្មួយស្រី បានបដិសេធក្នុងការបញ្ជូននេះ និងបានស្នើសុំធ្វើការព្យាបាលនៅមន្ទីរពេទ្យ ខេអេស កំពង់ស្ពឺបន្ត ព្រមទាំងបានធ្វើកិច្ចសន្យាព្រមព្រៀងទទួលការព្យាបាលករណីជំងឺធ្ងន់ (មានភ្ជាប់កិច្ចសន្យាព្រមព្រៀងព្យាបាលករណីជំងឺធ្ងន់ និងការបដិសេដ ក្នុងការបញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ត)។ 

តាមការបំភ្លឺបានឱ្យដឹងថា នៅវេលាម៉ោង ២០និង១០នាទីយប់ ក្មួយស្រីមានស្ថានភាពមិនធូរស្រាល និងធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យបានព្យាយាមពន្យល់ក្រុមគ្រួសារម្តងទៀត ក្នុងការបញ្ជូនក្មួយស្រីទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ក្មួយស្រីបានទៅដល់ផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ២០និង៣០នាទី យប់ដោយក្រុមគ្រូពេទ្យយើងខ្ញុំទៅជាមួយអ្នកជំងឺ និងបានចូលរួមជួយសង្គ្រោះជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ យ៉ាងយកចិត្តទុកដាក់បំផុត។ ដោយស្ថានភាពក្មួយស្រីធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យពុំអាចសង្គ្រោះបាន ក្មួយស្រីបានទទួល មរណៈភាព នៅវេលាម៉ោង ២២និង០០នាទីយប់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ 

បច្ចុប្បន្នមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» បាននឹងកំពុងធ្វើការសហការណ៍ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងក្រុមគ្រួសារ ដើម្បីបំភ្លឺករណីនេះ តាមបច្ចេកទេសវេជ្ជសាស្ត្របន្ថែមទៀត។ 

សូមបញ្ជាក់ថា ស្ដ្រីឈ្មោះ ចៅ គឹមហ៊ន អាយុ ៣៦ឆ្នាំ រស់នៅបុរី ឈុន ទីន ក្នុងភូមិត្រស់សាលា ឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន បានពាក្យប្ដឹងមន្ទីរពេទ្យឯកជន យីហោ «ខេអេស កំពង់ស្ពឺ» បន្ទាប់ពីយកកូនស្រីឈ្មោះ សារ៉ាន់ ធីតាពិសី វ័យ១៧ឆ្នាំ ទៅសម្រាកព្យាបាលបណ្តាលស្លាប ដោយសង្ស័យថាក្រុមគ្រូពេទ្យព្យាបាលជំងឺដោយការធ្វេសប្រហែស និងមិនមានវិជ្ជាឃជីវៈត្រឹមត្រូវ។

យោងតាមពាក្យបណ្ដឹងប្ដឹងចូលនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរការធំ ស្ដ្រីឈ្មោះ ចៅ គឹមហ៊ន បានរៀបរាប់ថា៖ «មន្ទីរពេទ្យ ខេអេស កំពង់ស្ពឺ មានទីតាំងស្ថិតនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលឲ្យកូនស្រីរបស់ខ្លួនចូលសម្រាកព្យាបាល នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយគ្រាន់តែមានអាការៈដំបូងក្ដៅខ្លួន ឈឺក្បាល វិលមុខ ចុកថប់ចុងដង្ហើមប៉ុណ្ណោះ។

នៅពេលទៅដល់គ្រូពេទ្យបូមឈាមពិនិត្យ និងវាស់ឈាម រួចដាក់សេរ៉ូមមួយប្លោក ចាក់ថ្នាំត្រគៀកមួយម្ជុល និងចាក់ថ្នាំចូលសេរ៉ូម ព្រមទាំងឲ្យលេបថ្នាំ។ មួយសន្ទុះក្រោយមកក្អួតចេញមកវិញ ហើយនៅបន្ដចុកថប់ចុងដង្ហើម ទើបពេទ្យបញ្ជូនទៅអេកូបេះដូង ដោយចេញលទ្ធផលថា «មានទឹកដក់ក្នុងស្រោមបេះដូង និងរលាកសាច់ដុំបេះដូង» ទើបគ្រូពេទ្យម្នាក់ទៀតមកប្រាប់ថា អាការៈធ្ងន់ធ្ងរ តែអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេអេស កំពង់ស្ពឺបាន។

ក្រោយមកគ្រូពេទ្យបានបញ្ជូនកូនស្រីរបស់ខ្លួន ទៅបន្ទប់សង្គ្រោះបន្ទាន់ដោយឃើញស្ថានភាពបែកញើសសស្រាក់ ហើយកូនប្រាប់ថា ថប់ៗពិបាកដកដង្ហើម។ រហូតដល់ម៉ោង៨យប់ថ្ងៃដដែល កូនស្រីរបស់ខ្លួនកាន់តែ មានអាការៈមិនស្រួលខ្លាំង ដោយមានសភាពស្លេកស្លាំង ភ្នែកស្លើឡើងលើបាត់មាត់បាត់ក ហើយខ្លួនបានទៅស្ទាបបេះដូងកូនស្រី ស្រាប់តែលែងលោតបាត់ទៅហើយ ទើបរត់ហៅគ្រូពេទ្យមកជួយសង្គ្រោះ។ នៅពេលដែលគ្រូពេទ្យមកដល់បានប្រាប់ថា ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ តែនៅពេលឡើងលើរថយន្ដបែរគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺទៅវិញ។ លុះទៅដល់មន្ទីរពេទ្យបង្អែកខេត្ត គ្រូពេទ្យថា កូនស្រីរបស់ខ្លួនធ្វើទុក្ខបេះដូងខ្លាំង មានសង្ឃឹមត្រឹម ១០ភាគរយប៉ុណ្ណោះ។ រំលងបានប្រហែលម៉ោង១កន្លះក្រោយមក កូនស្រីរបស់ខ្លួនឈ្មោះ សារ៉ាន់ ធីតាពិសី បានស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញ ស្ថាបនពាក់ព័ន្ធ និងអាជ្ញាធរ កំពុងបើកការស្រាវជ្រាវលើករណីមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» បណ្តាលឱ្យយុវតីម្នាក់ស្លាប់ ដែលម្ចាស់មន្ទីរពេទ្យនេះ គឺជាមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលផងដែរ៕