2025-05-09 16:50
19

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រសួងការពារជាតិ បានធ្វើច្រានចោល និងថ្កោលទោស រាល់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន របស់ជនអគតិមួយចំនួន ដែលថាកម្ពុជា បានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ នេះគឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង។

ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៧ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ។ ក្នុងនោះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាពគ្នាឈរលើស្មារតីមិត្តភាព ក្នុងការរក្សាស្ថានភាពដើម ដោយរក្សាទីតាំងឈរជើងរបស់កងកម្លាំងរៀងខ្លួននៅទីតាំងដដែលតាមបណ្តោយព្រំដែន។ 

ក្នុងន័យនេះ ភាគីទាំងពីរនៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកងកម្លាំងចំនួនប្រាំនាក់។ ភាគីទាំងពីរ ពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្តែបានប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំសំដៅ បង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ៕