2023-08-18 01:08
133

សៀមរាប៖ គ្រឿងញៀនប្រមាណ ១២៨គីឡូក្រាម ដែលជាវត្ថុតាងបង្ក្រាបនាពលកន្លងមក ក្នុងខេត្តចចំនួន ៣ រួមមាន ខេត្តសៀមរាប កំពង់ធំ និងខេត្តព្រះវិហារ ត្រូវបានដុតបំផ្លាញ ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃ២៦ មិថុនា ឆ្នាំ២០២៣ ដែលប្រារព្វធ្វើនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣នេះ។

ពិធីដុតបំផ្លាញគ្រឿងញៀន ដែលជាវត្ថុតាងបង្ក្រាបនាពេលកន្លងមកនេះ ធ្វើឡើងក្រោមប្រធានបទ “អ្វីៗដើមី្បប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ពិន ប្រាកដ    អភិបាលរងខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីអាជ្ញាធរ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងទាំង៣ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំងទាំងបី អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ អង្គការសង្គមស៊ីវិល  លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងសិស្សានុសិស្ស សរុបប្រមាណជាង ៤០០នាក់ផងដែរ។  

លោក មាស ច័ន្ទរិទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តសៀមរាប គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោមនាពេលនេះ គឺជាវត្ថុតាងបានមកពីការរឹមអូសរបស់សាលាដំបូងទាំង ៣ខេត្ត គឺខេត្តសៀមរាប ព្រះវិហារ និងកំពុងធំ រួមមាន មានប្រភេទ មេតំហ្វេតាមីន ម៉ាទឹកកក (ICE) និង ប្រភេទ មេតំហ្វេតាមីន (WY) ស្មើនឹង ១២៨គីឡូក្រាម ។

លោក ពិន ប្រាកដ   អភិបាលរងខេត្តសៀមរាប ដំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានអាននូវខ្លឹមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារួចមកជូនអង្គពិធីទាំងមូលបានជ្រាបផងដែរ។  

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់អង្គភាព និងសមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពបង្ការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនក្នុងខេត្តទាំងបីនាពេលកន្លងមក ឲ្យទទួលបានលទ្ធផលល្អប្រសើរ ពិសេសក្នុងដំណើរការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៣ ដំណាក់កាលរបស់រាជរដ្ឋាភិបាល។  

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា “គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន”។ នាយឧត្តមសេនីយ៍ បានបនថែមថា ចំពោះព្រឹត្តិការណ៍ដែលកើតឡើងនៅក្រុងសៀមរាប ដែលក្រុមឧក្រិដ្ឋជនបានចូលទៅរំដោះអ្នកទោសពាក់ព័ន្ធការជួញដូរគ្រឿងញៀន ដែលបានបញ្ជូនទៅព្យាបាលជម្ងឺធ្មេញ ដែលបានសបញ្ជាក់ឲ្យឃើញច្បាស់ជាបទឧក្រិដ្ឋមួយ ដែលនៅលើពិភពលោកបានកំពុងធ្វើការប្រយុទ្ធប្រឆាំង ដើមី្បសុខសុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរសមត្ថកិច្ចក៏នមិន ឲ្យឧក្រិដ្ឋជនទាំងនោះរួចផុតពីសំណាញ់ច្បាប់ឡើយ ។ 

នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា កន្លមករាជដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់លទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ រឹតបន្តឹង និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដែលមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរាជរដ្ឋាភិបាលដាក់ចេញរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។ ម៉្យាងទៀតគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំនិងគ្រប់គ្រងកម្លាំងក្រោមឱវាទ របស់ខ្លួនឲ្យបានតឹងរ៉ឹងកុំឲ្យមានការជាប់ពាក់ព័ន្ធ ឬ នៅពីក្រោយសកម្ម ភាពនៃបទល្មើសគ្រឿងញៀន ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និង ក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និង ចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើងនិងត្រូវបន្តពង្រឹងយន្តការត្រួតពិនិត្យឲ្យបានតឹងរ៉ឹងបំផុត ។ 

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស និងយុវជនកម្ពុជាទាំងអស់សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន “កុំជួញដូរ កុំចែកចាយ និងប្រើប្រាស់គ្រឿងញៀន” បញ្ហាគ្រឿងញៀន គឺជាការបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ សង្គមជាតិ ជាពិសេសចូលរួមគាំទ្រកំចាត់គ្រឿងញៀនតែម្តង ៕