2023-08-19 02:08
186

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា, នាល្ងាចថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ក្នុងពិធីពិសារអាហារសាមគ្គី នៅវិមានរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

លោក  ជា វុទ្ធី អគ្គលេខាធិការរង គ.វ.ក/គ.ស.ព តំណាងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅប្រកបដោយកតញ្ញុតាធម៌ជូនចំពោះ លោក  សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមសម្តេចនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានលះបង់យ៉ាងធំធេងនូវកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងពេលវេលា បម្រេីជាតិមាតុភូមិ ជាពិសេសក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះក្នុងបេសកកម្មក្នុងការជំរុញ និងទាក់ទាញវិនិយោគមកកម្ពុជា បន្ថែមពីនេះ គឺបានចង្អុលបង្ហាញ និងដឹកនាំរៀបចំច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ 

លោក  ជា វុទ្ធី បានរំលឹកដែរថា ការដឹកនាំដោយឈរលេីចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពប្រាកដនិយម ការប្តេជ្ញាខ្ពស់ រួមជាមួយអភិក្រមការងារដ៏មុតស្រួចរបស់លោករដ្ឋមន្ត្រី មិនត្រឹមតែសបញ្ជាក់នូវឧត្តមគតិចំពោះជាតិមាតុភូមិប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់នូវម្លប់ដ៏ត្រជាក់ត្រជំយ៉ាងកក់ក្តៅ និងទំនុកចិត្តខ្ពស់ដល់យេីងខ្ញុំទាំងអស់គ្នា ដេីម្បីបំពេញកិច្ចការងារជូនស្ថាប័ន ជូនជាតិមាតុភូមិ។ 

ក្នុងន័យនេះ លោក  អគ្គលេខាធិការរង និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់ សូមប្តេជ្ញាថានឹងបំពេញភារកិច្ចតាមមុខងាររបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ មិនខ្លាចនឿយហត់ ជម្នះរាល់ឧបសគ្គគ្រប់យ៉ាង និងរក្សាឱ្យបានជាប្រចាំនូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារនៃក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា។ 

ជាចុងបញ្ចប់ លោក  ជា វុទ្ធី បានគោរពជូនពរ និងប្រសិទ្ធពរជ័យជូន លោករដ្ឋមន្ត្រី សូមសមប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រេីនរុងរឿង សុភមង្គល វិបុលសុខគ្រប់ប្រការ ដេីម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់បុព្វហេតុបម្រេីនិងអភិវឌ្ឍជាតិមាតុភូមិជាទីស្នេហានៃយេីង ឱ្យកាន់តែមានភាពរីកចម្រេីនទៅមុខបន្ថែមទៀត ៕