2023-08-21 04:08
165

ភ្នំពេញ៖ មហាវិថី សំរោង ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែល មានប្រវែងជាង៥គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ ត្រូវបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញ ពិសេសសម្រួលចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅតែម្តង។

ពិធីសម្ពោធនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១សីហា ឆ្នាំ២០២៣ ដោយមានការចូលរួម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងអោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ មហាវិថី សំរោងនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមដ៏សំខាន់ នៅភាគខាងជើងរាជធានីភ្នំពេញ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ ផ្លូវក្រវាត់ក្រុងទី៣កាត់តាមបុរីភូមិសំរោង ដែលបានជួយសម្រួលដល់ចរាចរណ៍ មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។មហាវិថីនេះ មានប្រវែង៥,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ មកកាន់ផ្លូវ ១៣០ត្រង់ផ្លូវ ទំនប់កប់ស្រូវដែលជាផ្លូវក្រវាត់ក្រុងទី៣នឹងជួយសម្រួលដល់ការធ្វើដំណើរ សម្រាប់ប្រជាជននៅតំបន់ព្រែកព្នៅទៅកាន់គ្រប់បណ្តាខេត្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ពិសេសភ្ជាប់ទៅផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុផងដែរ។

លោក ឃួង ស្រេង បានបន្តទៀតថា វិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្ថាបនាផ្លូវនេះឡើង ដើម្បីទុកអោយបងប្អូនប្រជាណលរដ្ឋបានធ្វើដំណើរឆ្លងកាត់បានយូរអង្វែង ហើយផ្លូវនេះក៏ជាសសៃឈាមដ៏សំខាន់ដែលធ្វើអោយជីវភាពប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញមានភាពធូធា។ លោកបន្តថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន នាំអោយប្រទេសជាតិមានសន្តិភាព ពេញផ្ទៃប្រទេស ដែលបានធ្វើអោយ អ្នកវិនិយោគទុននិងប្រជាពលរដ្ឋមានភាពរីករាយនិងជឿទុកចិត្ត ។នេះជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អរវាងវិស័យឯកជននិងរដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយកាន់តែរីកចំរើនឡើង។

សូមបញ្ជាក់ថា៖  មហាវិថី សំរោង បានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់ការដ្ឋានកាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០២៣ប្រវែងសរុប៥២០០ ម៉ែត្រ ទទឹងផ្លូវ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុងអាមេ ៣ស្រទាប់ កម្រាស់សរុប៨,២តឹក ដែលមាន គន្លងឡានម៉ូតូ ៩ម៉ែត្រ សួនកណ្ដាល២ម៉ែត្រ ផ្លូវថ្មើរជើង ៥ម៉ែត្រ ។ ប្រព័ន្ឋលូ២ សម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ ប្រវែង ២០៤១២ ម៉ែត្រមុខកាត់លូរំដោះទឹកភ្លៀងទំហំ១ ម៉ែត្រ មុខកាត់លូរំដោះទឹកកខ្វក់ទំហំ១ ម៉ែត្រ មាន បង្គោលភ្លើងប្រភេទសូឡា អមជុំវិញផ្លូវ ចំនួន៣៧៧ដើម និងដាំដើមឈើសរុប អមសងខាងផ្លូវ និងនៅក្នុងសួនកណ្តាលផ្លូវ ចំនួន ១៣៦៤ដើម៕