2023-08-22 02:08
202

ភ្នំពេញ ៖ យុវជនម្នាក់និងយុវត្តីពីរនាក់ទៀតបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបើកម៉ូតូលឿនវ៉ាក់អើនិងរថយន្តក៏ចាប់ហ្វ្រាំងបោកដួលក៏ត្រូវរថយន្តកិនកាលពីវេលាម៉ោង១២និង៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី ២២ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចកណ្ដាលស្តុប ២៤ ម៉ោងតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុវតីទាំងពីរនាក់ទីមួយមានឈ្មោះ ម៉ីម៉ី ទីពីរមានឈ្មោះស្រីភា ចំណែកឯយុវជនម្នាក់ទៀតមានឈ្មោះ សំណាង អាយុ១៩ឆ្នាំ។ អ្នកទាំងបីជិះម៉ូតូឌុបគ្នាម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KG.7491  ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញយុវជននិងយុវតី ៣នាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវឧកញ៉ា ម៉ុងរិទ្ធី ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ វ៉ាក់អើនិងរថយន្តកុងតឺន័របើកតាមបណ្តោយផ្លូវភ្នំពេញហាណូយ មកពីត្បូងទៅជើង ក៏ចាប់ហ្វ្រាំងបោកដួលហើយរថយន្តកុងតឺន័រកិនទាំងបីនាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ក្រោយពីកិនហើយរថយន្តកុងតឺន័របានបន្ថែមល្បឿនរត់ទៅបាត់ស្រមោលតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅធ្វើបុណ្យតាមប្រពៃណី៕