2023-08-23 04:08
202

(កែប) នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីមានការស្ថាបនាឆ្នេរខ្សាច់បានប្រែក្លាយជាតំបន់រមណីយដ្ឋានផ្សារក្តាមមានភាពទាក់ទាញទេសចរច្រើនជាងមុន បន្ទាប់ពីមានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ប្រវែង២៧០០ម៉ែត្រ ខេត្តកែប ដែលត្រូវបានស្ថាបនាជិតរួចរាល់ទាំងស្រុង តភ្ជាប់មកដល់ផ្សារក្តាមនោះ។

បងប្អូនអាជិវករ និងអ្នកទេសចរបានសរសើរអំពីការខិតខំអភិវឌ្ឍន៍របស់អាជ្ញាធរខេត្តកែប ប៉ុន្តែបានស្នើសុំឲ្យមានការរៀបចំទុកដាក់សំរាមឲ្យបានល្អជាងនេះបន្តទៀត។ 

បងប្អូនប្រជាពលរដ្ឋនិងអាជីវករលក់ដូរគ្រឿងកំប៉ុង និងគ្រឿងម្ជូរនៅបរិវេណឆ្នេរខ្សាច់ផ្សារក្តាម បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានការស្ថាបនាឆ្នេរខ្សាច់កម្សាន្តប្រវែង២៧០០ម៉ែត្ររួចមក  រមណីយដ្ឋានផ្សារក្តាមមានភាពទាកទាញទេសចរជាងមុន ពិសេសនៅពេលរសៀល និងពេលល្ងាច។

ភ្ញៀវទេសចរភាគច្រើនតែងចូលផ្សារ ទិញគ្រឿងសមុទ្រ ហើយយកមកអង្គុយទទួលទាននៅឯមាត់ឆ្នេរខាងក្រោយផ្សារក្តាម  ព្រោះនៅទីនោះមានខ្យល់កាសល្អ ទីធ្លាធំទូលាយ អាចគយគន់ទេសភាពកោះត្រល់  ភ្នំបូកគោខេត្តកំពត ឧទ្យានជាតិខេត្តកែប និងគយគន់ថ្ងៃលិច ឯនាយសមុទ្រផងដែរ។

ចំណែកទេសចរមកពីខេត្តបាត់ដំបងបានបង្ហាញអារម្មណ៍របស់ខ្លួនពេលបានមកដល់ខេត្តកែបជាលើកដំបូងថា ការធ្វើដំណើរតាមផ្លូវក្នុងខេត្តកែប បានឃើញទេសភាពស្អាត ខ្យល់បរិសុទ្ធត្រជាក់ខុសពីធម្មតា ធ្វើឲ្យស្រស់ស្រាយក្នុងចិត្ត  ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺពេលមកដល់ផ្សារក្តាម ឃើញគ្រឿងសមុទ្រស្រស់ៗរស់រវើក ដាក់លក់ក្នុងតម្លៃសមរម្យ និងសេវាចម្អិននៅនឹងកន្លែងលក់។
ភ្ញៀវទេសចររូបនោះបានបង្ហើបឲ្យដឹងថា នៅពេលកូនស្រីខ្លួនប្រឡប់ជាប់ នឹងមកលេងខេត្តកែបម្តងទៀត ព្រោះជាប់ចិត្តទេសភាព និងរស់ជាតិគ្រឿងសមុទ្រ។

ទោះជាយ៉ា់ងណាក៏ដោយ ទន្ទឹមនឹងវត្តមានភ្ញៀវទេសចរមកលេងច្រើននៅក្នុងភូមិសាស្ត្រខេត្តកែប ក៏បានបន្សល់ទុកនូវគំនរសំរាមជាច្រើនផងដែរនៅតាមតំបន់ឆ្នេរ បង្ករឲ្យមានក្លិនមិនល្អ និងមើលទៅកង្វះអនាម័យបរិស្ថាន។ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ និងអាជីវករក៏បានស្នើសុំដល់អាជ្ញាធរ សូមជួយយកចិត្តទុកដាក់ប្រមូលសំរាម និងដឹកយកទៅចាក់ចោលនៅទីលានសំរាមឲ្យបានញឹកញាប់ និងទៀងទាត់ផង ម្យ៉ាងទៀតពួកគាត់ក៏សូមអំពាវនាវដល់ពលរដ្ឋ និងទេសចរទាំងអស់សូមចូលរួមវេចខ្ចប់សំរាម និងកាកសំណល់ឲ្យបានល្អ ហើយយកទៅចោលនៅទីណាដែលមានធុងសំរាម ជៀសវាងការចោលសំរាមពាសវាលពាសកាលនោះឡើយ។(សឹង រ៉ាត់)