2023-08-28 05:08
197


កំពង់ស្ពឺ៖ ក្មេងទំនើងមានជំនាញបង្ហោះម៉ូតូធំបង្ហាញពីទេពកោសលើបណ្តាញទំនាក់ទំនង YOU TUBE មកធ្វើសកម្មភាពបង្ហោះលើខ្នងភ្នំគិរីរម្យបង្កភាពភ្ញាក់ផ្អើលលើខ្នងភ្នំគិរីរម្យ សមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ តាមបទបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ។
     នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ ស្នងការនគរបាលនគរបាលខេត្តកំពង់ស្ពឺ បានសរសេរថា «ហ៊ួត លីម៉េង ជាម្ចាស់រង្វាន់ជេីងឯកបង្ហោះម៉ូតូធំលេីខ្នងភ្នំគីរីរម្យសមត្ថកិច្ចនគរបាលឃាត់ភ្លាមៗ»
   តាមរបាយការណ៍នគរបាល បានឲ្យដឹងថា វេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី២៧ ខែសីហានេះ ស្ទាវបង្ហោះម៉ូតូលេី ខ្នងភ្នំគីរីរម្យ ត្រូវបានថតរូបដោយពលរដ្ឋបញ្ជូនឲ្យសមត្ថកិច្ចនគរបាល អំពីសកម្មភាពបង្ហោះម៉ូតូធំ ម៉ាក HONDA CBR កំលាំង 1000CC ពណ៌ខ្មៅ មានលេខសម្គាល់ 97 នៅចំណុច លើខ្នងភ្នំគិរីរម្យ ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អេីល និងប្រកបដោយគ្រោះថ្នាក់បំផុត។ 
    របាយការណ៍បានឲ្យដឹងទៀតថា ក្រោយបានឃើញសកម្មភាពនៅក្នុងវីដេអូ និងទទួលបានបញ្ជាររបស់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ និងឃាត់ភ្លាមៗ។ ប្រភពបន្តថា ម្ចាស់ម៉ូតូមានឈ្មោះ ហ៊ុត លីម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ  រួមជាមួយវត្ថុតាងម៉ូតូនាំមកសាកសួរនៅអធិការរដ្ឋាននគរបាលស្រុកភ្នំស្រួច។

   តាមសាក្សីបា ដឹងថា ម្ចាស់ម៉ូតូនេះធំខាងលើនេះ មានជំនាញខាងបង្ហោះម៉ូតូ និងធ្លាប់ធ្វេីសកម្មភាពច្រេីនលេីកច្រើនសារណាស់មកហេីយ ក្នុងពេលធ្វេីសកម្មភាព គឺគេចង់បង្ហាញអំពីទេពកោសល្យ និងទឹកដៃរបស់គេក្នុងការអនុវត្តតាមប្រព័ន្ធបណ្ដាញ YOU TUBE បុគ្គលខាងលើបានទទួលស្គាល់ថា សកម្មភាពបង្ហោះម៉ូតូ គឺខ្លួនប្រាកដមែន។ 
   បច្ចុប្បន្ន សមត្ថកិច្ចនគរបាល បានធ្វើកិច្ចសន្យា អប់រំ ណែនាំមិនឲ្យប្រព្រឹត្ដសកម្មភាពបែបនេះតទៅទៀតទេ ព្រោះនាំឲ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរ និងរស់នៅប្រកបអាជីវកម្មនានា ពិសេសភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលទង្វេីរធ្វេីឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតែម្តង៕