2023-08-28 05:08
161

ខេត្តបន្ទាយមានជ័យ៖     នៅវេលាម៉ោង៥ភ្លឺ ថ្ងៃទី ២៧ខែសីហាឆ្នាំ២០២៣បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុខរបងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ក្នុងស្រុកមង្គលបុរី ត្រង់ចំណុចមុខរបងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតក្នុងភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី  ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា៖ តាមការបំភ្លឺពីឈ្មោះ អឿន អន ភេទស្រី អាយុ៣៩ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់សពបានប្រាប់ឱ្យដឹងថា បងប្រុសរបស់គាត់ឈ្មោះ អឿន អាន អាយុ៤១ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ 

   ប្អូនស្រីរបស់សពបានបញ្ជាក់ទៀតថា៖បងប្រុសរបស់គាត់បានបែកបាក់គ្រួសាររយៈពេល១០ឆ្នាំមកហើយ គាត់តែងតែផឹកស្រាស្រវឹងជាប្រចាំ ។ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ បងប្រុសរបស់គាត់ត្រូវបានជនមិនស្គាល់មុខកាប់បណ្តាលអោយរងរបួសធ្ងន់ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី  រហូតដល់ថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៣ គ្រូពេទ្យបានអោយចេញ តែគាត់មិនព្រមទៅផ្ទះទេគឺរស់នៅក្នុងមន្ទីរពេទ្យនិងផឹកស្រាស្រវឹងរាល់ថ្ងៃ ។

  លោកអធិការបានបញ្ជាក់ផងដែរថា៖យោងតាមក្រុមការងារគណៈកម្មការត្រួតពិនិត្យសពដែលមានសមាសភាព៖អធិការរងទទួលផ្នែកព្រហ្មទណ្ឌ វេជ្ជបណ្ឌិតផ្នែកសង្រោះបន្ទាន់ នាយរងផ្នែកពិនិត្យវិភាគ នាយរងប៉ុស្តិ៍ឫស្សីក្រោក ក្រុមប្រឹក្សាឃុំឫស្សីក្រោកនិងក្រុមគ្រួសារសពឃើញថា ផ្នែកក្បាល ផ្នែកដងខ្លួននិងផ្នែកអវៈយវៈនៃសពពុំមានស្លាកស្នាមអ្វីជាអំពើទណ្ឌកម្មឬឃាតកម្មណាមួយឡើយ ។ តាមការស្រាវជ្រាវជុំវិញកន្លែងកើតហេតុឃើញថាសាកសពពិតជាស្លាប់ដោយសារដេកស្លាប់ប្រាកដមែន។ សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕