2023-09-05 08:09
177

ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ០២នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលអូរតាប៉ោង នៃអធិការដ្ឋាននគរបាលស្រុកបាកាន ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីដឹកជញ្ជូន រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ 

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ដោយអនុវត្តជាប្រចាំនូវប្រសាសន៍ចង្អុលរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ក្នុងការរក្សាការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស គ្រប់ប្រភេទក្នុងមូលដ្ឋាន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង ចំនួន ០៤នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី សាន់ គឹមជា នាយប៉ុស្តិ៍ បានចុះបង្ក្រាបករណីខាងលើ នៅចំណុចផ្ទះឈ្មោះ ផុន សុខា ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន។ 

លោកបន្តទៀតថា ពេលសមត្ថកិច្ចធ្វើសកម្មភាពបង្ក្រាប ក្រុមជនសង្ស័យបានរត់គេចខ្លួន និងជាលទ្ធផលសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបក្ខពួកម្នាក់ រត់អត់ទាន់សំងំពួនដេកក្នុងភួយលើគ្រែ មានឈ្មោះ ម៉េង ថៃ ហៅ អាសីហា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិដើមរការ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ រកឃើញវត្ថុតាង រួមមាន
ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់ធំ ទម្ងន់ ១៥,៤៧ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ, ទូរសព្ទ ម៉ាក iPhoneX ចំនួន ០១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ ០១គ្រឿង។ 

លោកអធិការ បានបន្តថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរៀបចំសំណុំបែបបទចាត់ការតាមនីតិវិធី៕