2023-09-06 03:09
130

ភ្នំពេញ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានពន្ធនាគារ បានដាក់ចេញនូវគោលការណ៍ណែនាំចំនួន ៥ចំណុចសម្រាប់ជាការដាស់តឿន និងក្រើនរំលឹកដល់មន្ដ្រីពន្ធនាគារ ដើម្បីអនុវត្តន៍ការងារមានសិទ្ធភាពខ្ពស់។ 

ការដាក់ចេញនូវគោលការណ៍ទាំង ០៥ចំណុចនេះ ធ្វើឡើងនាព្រឹកថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីក្រោមចំណុះអគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រធានមណ្ឌលពន្ធនាគាររាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ១៨០រូប។ 

នាឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានលើកឡើងថា «រាជរដ្ឋាភិបាល នីតិកាលទី៧នេះ មានសមាសភាពគណៈរដ្ឋមន្ត្រី ភាគច្រើនជាបញ្ញវន្តវ័យក្មេង ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនពោរពេញទៅដោយកម្លាំងថាមពល ហើយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ដូច្នេះ ដើម្បីឆ្លើយតបការងារក្នុងបរិបទនេះ ចាំបាច់ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើប្រសិទ្ធភាព គុណភាព និងល្បឿនការងារ ដើម្បីឆ្លើយតបនឹងប្រព័ន្ធការងារបច្ចេកវិទ្យាឌីជីថល»។ 

អគ្គនាយកពន្ធនាគារថ្មី បានលើកឡើងថា «ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ពាក់ព័ន្ធលើការងារពង្រឹងស្ថាប័ន និងការធ្វើពិពិធកម្មធនធានមនុស្ស បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាព នៅតាមបណ្តាអគ្គនាយកដ្ឋាននានា ព្រមទាំងមានផែនការរៀបចំឌីជីថលរូបនីយកម្ម នៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ»។ 
អគ្គនាយកពន្ធនាគារថ្មី បានបញ្ជាក់ថា ដើម្បីអនុវត្តការងារមានប្រសិទ្ធភាព បានដាក់ចេញនូវគោលការណ៍ណែនាំ ចំនួន ៥ចំណុច សម្រាប់ជាការដាស់តឿន និងក្រើនរំលឹក ដល់មន្ដ្រីពន្ធនាគារគ្រប់ៗរួប។ 

ទី១- ពង្រឹងលើកកម្ពស់ការអនុវត្តច្បាប់ ក៏ដូចជាបន្តយកចិត្តទុកដាក់បង្កើនការយល់ដឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាននានា ដើម្បីតម្រង់ទិសការងារដឹកនាំ និងជំនាញ។ 
ទី២- ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវ ភាពម្ចាស់ការលើភារកិច្ចរបស់ខ្លួន និងសាមគ្គីភាពផ្ទៃក្នុងតម្កល់ប្រយោជន៍អង្គភាពជាធំ ដើម្បីភាពសុខុដុមនីយកម្មការងារ។ 
ទី៣- ចាត់វិធានការម៉ឺងម៉ាត់ចំពោះភាពអសកម្មរបស់មន្រ្តី និងពិនិត្យវាយតម្លៃអំពីគុណវុឌ្ឍិការងារដោយឈរលើសច្ចភាព តម្លាភាព និងគោលនយោបាយលើកទឹកចិត្តជូនរង្វាន់។ 
ទី៤- បង្ការទប់ស្កាត់សកម្មភាពល្មើសរបស់ជនជាប់ឃុំ, យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពនៅគ្រប់គោលដៅត្រួតពិនិត្យ និងក្នុងបន្ទប់ឃុំឃាំង, ធ្វើការគ្រប់គ្រងឱ្យបានម៉ត់ចត់ ចំពោះមុខសញ្ញាមេក្លោងជួញដូរគ្រឿងញៀនធំៗ និងប្រភេទបទល្មើសឧក្រិដ្ឋប៉ះពាល់សន្តិសុខជាតិ រួមទាំងមុខសញ្ញាញុះញង់បង្កភាពវឹកវរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេស ជនជាប់ឃុំពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ដែលមានសមត្ថភាពជំនាញក្នុងការប្រព្រឹត្តបទល្មើស និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

ទី៥- ពង្រឹង និងពង្រីកសមត្ថភាពអនុវត្តមុខងាររបស់មណ្ឌលអប់រំកែប្រែ ដើម្បីលើកស្ទួយកម្មវិធីស្តារនីតិសម្បទា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ មុខរបរ និងសមាហរណកម្មជនជាប់ឃុំចូលទៅសហគមន៍វិញ៕