2023-09-06 03:09
117

នៅព្រឹកថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ។ពិធីប្រគល់ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះក៏មានការអញ្ជើញចូលរួម ប្រធាន អនុប្រធានមន្ទីរអង្គភាពនិង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ។

លោក ទឹម មន្នីរ័ត្ន អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរីបានឲ្យដឹងថា កន្លងមកមន្ទីរបានចេញប័ណ្ណជូនប្រជាពលរដ្ឋចំនួន ២៤ ភូមិ ស្មើនឹងចំនួន ១៧,១០៩  វិញ្ញាបនបត្រ ក្នុងនោះក្រុងបានលុងចំនួន ១៥ភូមិ ស្រុកអូរយ៉ាដាវ ០៤ ភូមិ និងស្រុកអូរជុំចំនួន ០៥ភូមិ ហើយនៅក្នុងឱកាសនេះនឹងបន្តចែកប័ណ្ណចំនួន ០១ ភូមិបន្ថែមទៀត គឺភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ចំនួន ៥៧៤ វិញ្ញាបត្រ ត្រៀមនឹងចែកប័ណ្ណចំនួន ០២ ភូមិ បន្ថែមទៀត គឺភូមិក្រូច និងភូមិអូម ឃុំឯកភាព ស្រុកអូរជុំ ចំនួន ៥៧៣ វិញ្ញាបនបត្រ។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះឯកឧត្តម ខ័ណ្ឌ ចំណាន បានចាត់ទុកប័ណ្ណកម្មសិទ្ធិដីធ្លីគឺជាឯសារមួយសំខាន់ និងជាឯកសារតំណាងឲ្យទ្រព្យសម្បត្តិ ជាឯកសារតំណាងឲ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិលើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់។

ឯកឧត្តមអភិបាលរងខេត្តបន្តថា ដីធ្លីដែលពុកម៉ែបងប្អូនបានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណនេះ។ដូច្នេះការចុះបញ្ជីដីធ្លី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដី និងធនធានធម្មជាតិ ដែលនឹងជំរុញការប្រើប្រាស់ដីធ្លី ឲ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លី ជាពិសេសការកាត់បន្ថយ ភាពក្រីក្រដែលជាគោលនយោបាយ ជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា៕