2023-09-06 04:09
129

ភ្នំពេញ៖ រថយន្តតូយ៉ូតាព្រូសពីរគ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អដែរដែលអ្នកបើកបរទាំងសងខាងមិនរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៣តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

   ប្រភពពីម្ចាស់រថយន្តព្រូសពណ៌សស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ2AR- 2647 បានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានបើករថយន្តតែម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុមានផ្លូវឆ្លងកាត់គាត់ក៏បត់ឆ្វេងក្នុងបំណងឆ្លងផ្លូវពេលនោះស្រាប់តែមានរថយន្តតូយ៉ូតាព្រូស១គ្រឿងពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 2AZ-8216 បើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីត្បូងទៅជើងដោយមានល្បឿនលឿនបានមកបុករថយន្តរបស់ខ្លួនពេញទំហឹងបណ្តាលឱ្យខ្ទាតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវធ្វើឱ្យខូចខាតស្លាកសញ្ញាចរាចរណ៍អស់១ដើមថែមទៀត តែសំណាងល្អអ្នកបើកបរទាំងសងខាងមិនរងរបួស។ 

   ប្រភពពីសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានឱ្យដឹងថា ករណីខាងលើនេះគឺបណ្តាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ននិងបើកក្នុងល្បឿនលឿនទើបបណ្តាលអោយជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ ។
សមត្ថកិច្ចជំនាញបានសំណូមពរសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បើកបរត្រូវគោរពច្បាប់ចរាចរណ៍ឲ្យខ្ជាប់ខ្ជូនទើបគ្មានគ្រោះថ្នាក់កើតឡើង។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការវាស់វែងនិងរាយការណ៍ទៅនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយបន្ត៕