2023-09-07 04:09
120

ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន៤នាក់ ដែលបានយកដបស្រាវាយប៉ុនប៉ងសម្លាប់ យុវជនម្នាក់ដែលដើរទៅឃាត់ស្រីៗវាយគ្នានោះ ពេលនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ម៉ៅ ម៉េងហុង អាយុ១៩ឆ្នាំ ភេទប្រុស មិនបញ្ចាក់ទីលំនៅ មុខរបរធ្វើការរោងការ ។ 

ចំណែកជនសង្ស័យទាំង៤នាក់  ១-ឈ្មោះ ហៀង ប៊ុនហេង ហៅ ឡាក់គី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសាក់រូប មានទីលំនៅផ្ទះជួល ផ្លូវមិនចាំលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ពឿន ជីវ៉ា ហៅទីង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវមិនចាំលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៣-ឈ្មោះ ម៉េង លាងហេង ហៅ ហ្គាន់ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវមិនចាំលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៤-ឈ្មោះ សាន់ គីមហុង ហៅ ហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករៀបចំដំឡើងឆាកតន្ត្រី មានទីលំនៅផ្ទះជួល ផ្លូវមិនចាំលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សូមរំលឹកថា កាលពីវេលាម៉ោង៨:២០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យជាឃាតកបានព្រួតគ្នាវាយសម្លាប់បុរសម្នាក់នៅមុខក្លិបកម្សាន្ត នឹក EX នៅក្នុងសង្កាត់ចតុមុខ មូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយសារមូលហេតុចាក់ចម្រៀងឌឺដងគ្នា ហើយក្រុមជនសង្ស័យក៏ធ្វើសកម្មភាព យកដបស្រាវាយប្រហារទៅលើជនរងគ្រោះតែម្តង។

   តាមការបញ្ជាក់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា នៅពេលពេលកើតហេតុ នៅមុខហាង នឹកEX រូបគាត់ជាជនរងគ្រោះបានស្គាល់គ្នាជាមួយក្រុមជនសង្ស័យ ទាំងនោះ តែមិនបានស្និទស្នាលគ្នានោះទេ ពេលនោះមានស្រីៗមួយក្រុមបានប្រើហិង្សាទៅលើនារីម្នាក់ ឃើញដូច្នេះរូបគាត់ជាជនរងគ្រោះក៏បានដើរទៅក្នុងគោលបំណងទៅហាមឃាត់ស្រីៗទាំងនោះឱ្យឈប់វាយគ្នា ខណៈដើរទៅដល់ ពួកគេក៏បានយកដបស្រាវាយចំក្បាលគាត់បណ្តាលឱ្យសន្លប់បាត់ស្មារតី ហើយក្រុមជនសង្ស័យទាំងនោះបានបន្តវាយរូបគាត់ស្ទើរស្លាប់ស្ទើររស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជាបន្ទាន់ ។

 តែបច្ចុប្បន្ននេះរូបគាត់ជាជនរងគ្រោះបានចេញពីមន្ទីរពេទ្យដេីម្បីព្យាបាលរបួសនៅផ្ទះហើយ។

ចំណែកជនសង្ស័យទាំង៤នាក់ដែលប៉ុនប៉ងសម្លាប់ផ្ដាច់ផ្ដិលជីវិតជនរងគ្រោះនោះ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានហើយ។ បច្ចុប្បន្ននគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ។ “កុំខ្លាំងអានួន ដេកគុកអានាង “… មិនខំរៀនសូត្រ ក្លាយជាកូនល្អ ពលរដ្ឋល្អទេ បែរជាមកនាំគ្នាពពាក់ពពូនធ្វើជាបងតូច បងធំ ក្រុមក្មេងទំនើង ជនពាល ខូចអនាគតអស់ ។

បច្ចុប្បន្នជនសង្ស័យទាំងនោះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕